Home » , , , » ស្ដេច​ស​ទម្លាក់​អ្នក​មាន​បុណ្យ​នៅ​ Nou Camp

ស្ដេច​ស​ទម្លាក់​អ្នក​មាន​បុណ្យ​នៅ​ Nou Camp

Written By Unknown on Tuesday, February 26, 2013 | 26.2.13

​ក្រុម​ស្ដេច​ស​ Real Madrid ​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​អ្នក​មាន​បុណ្យ​ FC Barcelona ​៣-១ ​ក្នុង​ជើង​ទី​២​នៃ​ពាន​រង្វាន់​ Copa del Rey ​នៅ​កីឡដ្ឋាន​ Nou Camp យប់មិញ​​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​នឹង​ជ័យជម្នះ​គ្រាប់​បាល់​សរុប​៤-២។
ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Cristiano Ronaldo ​រក​បាន​២​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ​ ស្រប​ពេល​ខ្សែ​ការពារ​ Raphael Varane ​ដែល​ជា​អ្នក​តែត​បាល់​លើក​ចេញ​ពី​ជ្រុង​យក​ស្មើ​ Barca ​នៅ​ជើង​ទី​១ រក​បាន​គ្រាប់​បាល់​ដោយ​ការ​តែត​បាល់​ជ្រុង​ដូច​គ្នា​មួយ​គ្រាប់​ទៀត មុន​ពេល​ខ្សែ​ការពារ​ Jordi Alba ​រក​បាន​គ្រាប់​បាល់​លួង​ចិត្ត​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ចុង​តង់​ទី២។
Ronaldo ត្រូវ​​អតីត​មិត្ត​រួម​ក្រុម​ Gerard Pique ធ្វើ​ឱ្យ​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់
ក្រោយ​ចាប់​ផ្ដើម​​កែ​បាល់​បាន​បន្តិច​ កីឡាករ​លេខ​១​ពិភពលោក​៤​ឆ្នាំ​ជាប់​គ្នា​ Lionel Messi ​ស៊ុត​មួយ​ជើង​កាត់​មុខ​ទី​របស់​ Real Madrid។ ប៉ុន្តែ​​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​លើ​លោក​ Ronaldo ​ឯណេះ​ទេ​ដែល​ជា​អ្នក​បើក​ឆាក​គ្រាប់​បាល់​បញ្ចូល​ទី​ដោយ​ការ​ទាត់​បាល់​ ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​ទី​១៣​បន្ទាប់​ពី​អតីត​មិត្ត​រួម​ក្រុម​ដែល​ធ្លាប់ ​លេង​ជាមួយ​គ្នា​នៅ​ Manchester United ​គឺ​ខ្សែ​ការពារ​ Gerard Pique ​ទាក់​ជើង​ឱ្យ​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់។ ​Ronaldo បញ្ឆោត​ឱ្យ​ Pinto ​ហក់​ខុស​ទិសដៅ​បាន​យ៉ាង​ល្អ។ គ្មាន​ការ​របូត​គ្រាប់​បាល់​បន្ថែម​ទៀត​ឡើយ​នៅ​តង់​ទី​១ បើ​ទោះ​ជា​ក្រុម​ទាំង​ពីរ​មាន​ឱកាស​ទៅ​វិញ​ទៅ​មក​ក៏​ដោយ។
មាន​គេ​បាញ់​ឡាស៊ែ​ដាក់​មុខ​របស់ Ronaldo
ចូល ​ដល់​តង់​ទី​២​ ជាមួយ​នឹង​យុទ្ធសាស្ត្រ​វាយ​បក​លឿន​ៗ ខណៈ​កីឡាករ​របស់​ Barca ​កំពុង​កកកុញ​នៅ​ខាង​ទី​របស់​ Real Madrid ​​ខ្សែ​បម្រើ​ Xabi Alonso ​កាត់​បាល់​បាន​ហើយ​ប៉ះ​ឱ្យ​ Sami Khedira ​រួច Khedira បញ្ជូន​បាល់​វែង​ទៅ​ឱ្យ​ Angel Di Maria ដែល​រង់​ចាំ​នៅ​ខាង​លើ។ ខ្សែ​បម្រើ​ស្លាប​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​អូស​បាល់​​ចូល​ប្រអប់​ គ្រោះថ្នាក់​ញាក់​ដាច់​ខ្សែ​ការពារ Carles Puyol ​រួច​ស៊ុត​​​សំដៅ​ទី​​តែ​ត្រូវ Pinto ទះ​បាល់​ចេញ​​ដូច​ហុច​ដង​ឱ្យ​ Ronaldo ​ថែម​បញ្ចូល​ទី​យ៉ាង​ងាយ​នៅ​នាទី​ទី​៥៧។
Ronaldo​ ថែម​គ្រាប់​ទី​២​ឱ្យ Real Madrid នៅ​នាទី​ទី​៥៧
ក្ដី ​រំពឹង​របស់​ក្រុម​លោក Tito Vilanova បាន​ក្លាយ​ជា​ផេះផង់​នៅ​ពេល​ដែល​ខ្សែ​ការពារ​​ជម្រើស​ជាតិ​បារាំង​វ័យ​១៩​ ឆ្នាំ​ Raphael Varane លោត​យ៉ាង​ខ្ពស់​ផុត​ពី​ដី​តែត​បាល់​ដែល​លើក​ចេញ​ពី​ជ្រុង​​​ខាង​ស្ដាំ​ដោយ​ Mesut Ozil ចូល​កែង​ខាង​លើ​នៃ​បង្គោល​ទី​១​យ៉ាង​ស្អាត។
Raphael Varane ហក់​តែត​គ្រាប់​ទី​៣​ឱ្យ​ក្រុម​ភ្ញៀវ
ទាល់ ​តែ​នាទី​ទី​៨៩​ទើប​ក្រុម​ម្ចាស់​ផ្ទះ​បំបែក​ពងមាន់​ក្រុម Real Madrid បាន​១​គ្រាប់​ដោយ​ខ្សែ​ការពារ​ Jordi Alba ប៉ុន្តែ​អ្វី​ៗ​ហួស​ពេល​អស់​ទៅ​ហើយ។​​​
លោក Sir Alex Ferguson និង​ជំនួយ​ការ​ Mike Phelan ​ទៅ​មើល​របៀប​លេង​របស់ Real Madrid ​នៅ​ Nou Camp
​ ក្រុម​របស់​លោក​ Jose Mourinho ​នៅ​រង់​ចាំ​អ៊ុត​មើល​លទ្ធផល​រវាង​ Sevilla និង​ Atletico Madrid ​យប់​នេះ​ដើម្បី​ដឹង​ថា​ក្រុម​ណា​ជា​អ្នក​ប្រជែង​ជើងឯក​ជាមួយ​ខ្លួន​នៅ​វគ្គ ​ផ្ដាច់ព្រ័ត្រ ខណៈ Atletico Madrid នាំ​មុខ ២-១ កាល​ពី​ជើង​ទី១៕
ចុច​ត្រង់​នេះ​ដើម្បី​មើល​វីដេអូ​
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea