ព្រះគម្ពីម៉ាថាយ​

Written By Unknown on Thursday, February 28, 2013 | 28.2.13

ដំណឹងល្អ​រៀប​រៀង​ដោយ
លោក​ម៉ាថាយ
បញ្ជីរាយ​នាម​ព្រះអយ្យកោ​របស់​ព្រះយេស៊ូ
(លូកា៣:២៣-៣៨)
 នេះ​ជា​បញ្ជីរាយ​នាម​ ព្រះអយ្យកោ​របស់​ព្រះយេស៊ូ​គ្រិស្ដ* ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ*។  លោក​អប្រាហាំ​បង្កើត​ ​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បង​ប្អូន​របស់​គាត់  លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេរ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម  លោក​អើរ៉ាម​បង្កើត​លោក​អមីណាដាប់ លោក​អមីណាដាប់​បង្កើត​លោក​ណាសូន លោក​ណាសូន​បង្កើត​លោក​សាលម៉ូន  លោក​សាលម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​អ៊ីសាយ  លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ។ ស្ដេច​ដាវីឌ និង​ភរិយា​របស់​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន  ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រេហូបោម ស្ដេច​រេហូបោម​បង្កើត​ស្ដេច​អប៊ីយ៉ា ស្ដេច​អប៊ីយ៉ា​បង្កើត​ស្ដេច​អេសា  ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសាផាត ស្ដេច​យ៉ូសាផាត​បង្កើត​ស្ដេច​យ៉ូរ៉ាម ស្ដេច​យ៉ូរ៉ាម​បង្កើត​ស្ដេច​អូសៀស  ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស ស្ដេច​អេហាស​បង្កើត​ស្ដេច​អេសេគាស ១០ ស្ដេច​អេសេគាស​បង្កើត​ស្ដេច​ម៉ាណាសេ ស្ដេច​ម៉ាណាសេ​បង្កើត​ស្ដេច​អាំម៉ូន ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស ១១ ស្ដេច​យ៉ូសៀស​បង្កើត​ ស្ដេច​យេកូនាស និង​អនុជ​របស់​ព្រះអង្គ ក្នុង​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។ ១២ ក្រោយ​ គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ស្ដេច​យេកូនាស​បង្កើត​លោក​សាលធាល លោក​សាលធាល​បង្កើត​លោក​សូរ៉ូបាបិល ១៣ លោក​សូរ៉ូបាបិល​បង្កើត​លោក​អប៊ីយូដ លោក​អប៊ីយូដ​បង្កើត​លោក​អេលាគីម លោក​អេលាគីម​បង្កើត​លោក​អេសូរ ១៤ លោក​អេសូរ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលីយូដ ១៥ លោក​អេលីយូដ​បង្កើត​លោក​អេឡាសារ លោក​អេឡាសារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប ១៦ លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះយេស៊ូ ហៅ​ថា ព្រះគ្រិស្ដ*។ ១៧ ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន មាន​ដប់បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយនៅ​ស្រុក​បាប៊ីឡូន​មក​ទល់​ព្រះគ្រិស្ដក៏​មាន​ដប់បួន​តំណ​ដែរ។

កំណើត​ព្រះយេស៊ូ​គ្រិស្ដ
(លូកា២:១-៧)
១៨ នេះ​ជា​ដំណើរ​រឿង​អំពី​ កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ។ នាង​ម៉ារី មាតា​របស់​ព្រះអង្គ​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយសារ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។ ១៩ លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សំរេច​ចិត្ត​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។ ២០ ពេល​លោក​កំពុង​គិត​ ដូច្នេះ ស្រាប់​តែ​មាន​ទេវតា*​របស់​ព្រះអម្ចាស់ មក​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*។ ២១ នាង​នឹង​សំរាល​បាន​ បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះនាម​ថា យេស៊ូដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​ព្រះអង្គ អោយ​រួច​ពី​បាប​របស់​គេ» ២២ ហេតុការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល តាម​រយៈ​ព្យាការី*​ថា៖ ២៣ «មើល! ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ ព្រះនាម​ថា អេម៉ាញូអែល”»
ប្រែ​ថា «ព្រះជា​ម្ចាស់​គង់​ជា​មួយ​យើង» ២៤ លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា*​របស់​ព្រះអម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា ២៥ ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សំរាល​បាន​បុត្រ​ដែល​លោក​ថ្វាយ​ព្រះនាម​ថា យេស៊ូ

ជំពូកទី២
ពួក​ហោរាចារ្យ​មក​ថ្វាយបង្គំ​ព្រះឱរស​យេស៊ូ
 ព្រះយេស៊ូ​ប្រសូត​នៅ​ភូមិ ​បេថ្លេហិម​ក្នុង​ស្រុក​យូដា នា​រជ្ជកាល​ព្រះបាទ​ហេរ៉ូដ។ មាន​ពួក​ហោរាចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​ក្រុង​ យេរូសាឡឹម  សួរ​ថា៖ «ព្រះមហា​ក្សត្រ​របស់​ជន​ជាតិ​យូដា ដែល​ទើប​នឹង​ប្រសូត​គង់​នៅ​ឯ​ណា? យើង​ខ្ញុំ​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ​រះ​នៅ​ទិស​ខាង​កើត ហើយ​យើង​ខ្ញុំ​មក​ថ្វាយបង្គំ​ព្រះអង្គ»  កាល​ព្រះបាទ​ហេរ៉ូដ​ឮ​ ដំណឹង​នេះ ទ្រង់​រន្ធត់​ព្រះហឫទ័យ​យ៉ាង​ខ្លាំង ហើយ​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​អស់ ក៏​រន្ធត់​ចិត្ត​ជា​មួយ​ព្រះអង្គ​ដែរ។  ព្រះរាជា​ត្រាស់​ហៅ​ពួក​ នាយក​បូជាចារ្យ* និង​ពួក​អាចារ្យ*​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​មក ដើម្បី​សួរ​គេ​ពី​ទី​កន្លែង​ដែល​ព្រះគ្រិស្ដ*​ត្រូវ​ប្រសូត។  គេ​ទូល​ស្ដេច​ថា ព្រះគ្រិស្ដ​ត្រូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​តាម​រយៈ​ព្យាការី*​ថា៖ ៦​   «ភូមិ​បេថ្លេហិម​ជា​ដែន​ដី​យូដា​អើយ! ក្នុង​បណ្ដា​ក្រុង​សំខាន់ៗ​នៃ​ស្រុក​យូដា អ្នក​មិន​មែន​តូច​ជាង​គេ​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​មួយ​រូប​កើត​ចេញ​ពី​អ្នក លោក​នឹង​ថែរក្សា​ជន​ជាតិ​អ៊ីស្រាអែល ជា ​ប្រជារាស្ត្រ​របស់​យើង»  ពេល​នោះ ព្រះបាទ​ហេរ៉ូដ​ហៅ​ពួក​ហោរាចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។  បន្ទាប់​មក ទ្រង់​ចាត់​ហោរាចារ្យ​ទាំង​នោះ​អោយ​ទៅ​ភូមិ​បេថ្លេហិម ដោយ​មាន​រាជឱង្ការ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើបសួរ​ដំណឹង​អំពី​ព្រះឱរស​នោះ​អោយ​បាន​ច្បាស់​លាស់។ កាល​បើ​បាន​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​អោយ​យើង​បាន​ទៅ​ថ្វាយបង្គំ​ព្រះអង្គ​ដែរ»  ក្រោយ​ពី​បាន​ទទួល​ រាជឱង្ការ​ហើយ​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត នាំ​មុខ​គេ​រហូត​ដល់​កន្លែង​ដែល​ព្រះឱរស​គង់​ទើប​ឈប់។ ១០ កាល​ហោរាចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ គេ​សប្បាយ​ចិត្ត​ពន់​ប្រមាណ ១១ គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី​ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីងទេស​មក​ថ្វាយ​ព្រះអង្គ។ ១២ បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​គេ ក្នុង​សុបិន​និមិត្ត​មិន​អោយ​វិល​ទៅ​គាល់​ព្រះបាទ​ហេរ៉ូដ​វិញ​ឡើយ។
ព្រះយេស៊ូ​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អេស៊ីប
១៣ កាល​ពួក​ហោរាចារ្យ​ចាក​ ចេញ​ផុត​ទៅ ទេវតា*​របស់​ព្រះអម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប ក្នុង​សុបិន​និមិត្ត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ព្រះឱរស និង​មាតា​របស់​ព្រះអង្គ រត់​ទៅ​ស្រុក​អេស៊ីប​ទៅ។ ចូរ​ស្នាក់​នៅ​ស្រុក​នោះ រហូត​ដល់​យើង​ប្រាប់​អោយ​វិល​ត្រឡប់​មក​វិញ សឹម​មក ដ្បិត​ស្ដេច​ហេរ៉ូដ​រក​ធ្វើ​គុត​ព្រះឱរស» ១៤ លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះឱរស និង​មាតា​របស់​ព្រះអង្គ រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ទាំង​យប់។ ១៥ គាត់​ស្នាក់​នៅ​ទី​នោះ​ រហូត​ដល់​ព្រះបាទ​ហេរ៉ូដ​សោយ​ទិវង្គត ដើម្បី​អោយ​បាន​ស្រប​នឹង​សេចក្ដី ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាម​រយៈ​ព្យាការី​ថា៖ «យើង​បាន​ហៅ​បុត្រ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក»
ស្ដេច​ហេរ៉ូដ​ចេញ​បញ្ជា​អោយ​គេ​សម្លាប់​ក្មេងៗ
១៦ ព្រះបាទ​ហេរ៉ូដ​យល់​ថា​ ពួក​ហោរាចារ្យ​បាន​បំបាក់​មុខ​ព្រះអង្គ ស្ដេច​ទ្រង់​ព្រះពិរោធ​ក្រៃលែង ហើយ​ចេញ​បញ្ជា​អោយ​គេ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ពី​ពីរ​ខួប​ចុះ​មក នៅ​ភូមិ​បេថ្លេហិម និង​ភូមិ​ជិត​ខាង គឺ​គិត​ចាប់​តាំង​ពី​ពេល​កំណត់​ដែល​ផ្កាយ​ត្រូវ​រះ ដូច​ទ្រង់​បាន​សួរ​បញ្ជាក់​ពួក​ហោរាចារ្យ។ ១៧ ហេតុការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​យេរេមា​ថា៖ ១៨ «មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក ជា​ទំនួញ​សោកសៅ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​អោយ​នរណា​សំរាល​ទុក្ខ​ឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ»​។
ព្រះយេស៊ូ​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ
១៩ កាល​ព្រះបាទ​ហេរ៉ូដ​សោយ​ទិវង្គត​ផុត​ទៅ ទេវតា*​របស់​ព្រះអម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ត​ថា៖ ២០ «ចូរ​ក្រោក​ឡើង នាំ​ព្រះកុមារ និង​មាតា​របស់​ព្រះអង្គ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​គុត​ព្រះកុមារ​ស្លាប់​បាត់​អស់​ទៅ​ហើយ» ២១ លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះកុមារ និង​មាតា​របស់​ព្រះអង្គ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រាអែល​វិញ។ ២២ ប៉ុន្តែ កាល​លោក​ដឹង​ថា ព្រះបាទ​អើខេឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ព្រះបាទ​ហេរ៉ូដ​ជា​ព្រះបិតា លោក​ខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ លោក​ភៀស​ខ្លួន​ទៅ​ស្រុក​កាលីឡេ ដោយ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​អោយ​ដឹងក្នុង​សុបិន​និមិត្ត។​ ២៣ លោក​​ តាំង​ទី​លំនៅ​ក្នុង ​ភូមិ​មួយ​ឈ្មោះ​ណាសារ៉ែត ដើម្បី​អោយ​ស្រប​តាម​សេចក្ដី​ដែល​ពួក​ព្យាការី*​បាន​ថ្លែង​ទុក​ថា៖ «គេ​នឹង​ហៅ​ព្រះអង្គ​ថា ជា​អ្នក​ភូមិ​ណាសារ៉ែត»

ជំពូកទី៣
លោក​យ៉ូហានបាទីស្ដ​ប្រៀនប្រដៅ​បណ្ដាជន
(ម៉ាកុស ១:១-៨ លូកា ៣:១-១៨ យ៉ូហាន ១:១៩-២៨)
 នៅ​គ្រា​នោះ លោក​យ៉ូហានបាទីស្ដ*​មក​ដល់ លោក​ប្រកាស​នៅ​វាល​រហោស្ថាន*​ស្រុក​យូដា​ថា៖  «ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង ដ្បិត​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ*​មក​ជិត​បង្កើយ​ហើយ!»  ព្យាការី*​ ​អេសាយ​បាន​ថ្លែង​ទុក​អំពី​លោក​យ៉ូហាន​នេះ​ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោស្ថាន​ថាៈ ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ!”»​។  លោក​យ៉ូហាន មាន​សម្លៀកបំពាក់​ធ្វើ​អំពី​រោម​អូដ្ឋ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​អំពី​ស្បែក។ លោក​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។  អ្នក​ក្រុង​យេរូសាឡឹម អ្នក​ស្រុក​យូដា និង​អ្នក​ស្រុក​នៅ​តំបន់ ទន្លេ​យ័រដាន់​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​លោក។  គេ​ទទួល​សារភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​អោយ​គេ​ក្នុង​ទន្លេ​យ័រដាន់។  កាល​លោក​ ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​ខាង​គណៈសាឌូស៊ី*​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​អោយ​រត់​គេច​ពី​ព្រះពិរោធ*​របស់​ ព្រះជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ?  ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។  កុំ​នឹក​ស្មាន​ថា​ខ្លួន​ មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​អាច​ធ្វើ​អោយ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ ដែរ។ ១០ ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច ដើម​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។ ១១ ខ្ញុំ​ធ្វើ​ពិធី​ ជ្រមុជ*​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​អោយ​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ប៉ុន្តែ លោក​ដែល​មក​ក្រោយ​ខ្ញុំ លោក​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់​សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ផង។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​អោយ​អ្នក​រាល់​គ្នា ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* និង​ដោយ​ភ្លើង​វិញ។ ១២ លោក​កាន់​ចង្អេរ លោក​សំអាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»
ព្រះយេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក
(ម៉ាកុស ១:៩-១១ លូកា ៣:២១-២២ យ៉ូហាន ១:៣២-៣៤)
១៣ ពេល​នោះ ព្រះយេស៊ូ​យាង​ពី​ស្រុក​កាលីឡេ​មក​រក​លោក​យ៉ូហាន នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​អោយ​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះអង្គ។ ១៤ ប៉ុន្តែ លោក​យ៉ូហាន​ប្រកែក​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!» ១៥ ព្រះយេស៊ូ​មាន​ ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​ទុក​មក​» លោក​យ៉ូហាន​ក៏​យល់​ព្រម។ ១៦ ពេល​ព្រះយេស៊ូ​ទទួល​ ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ទ្រង់​យាង​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ព្រះអង្គ​ទត​ឃើញ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះអង្គ។ ១៧ ពេល​នោះ មាន​ព្រះសូរសៀង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!»

​​
ជំពូកទី៤
ព្រះយេស៊ូ​ឈ្នះ​ការ​ល្បួង
(ម៉ាកុស ១:១២-១៣ លូកា ៤:១-១៣)
 ពេល​នោះ ព្រះវិញ្ញាណ​នាំ​ព្រះយេស៊ូ​ទៅ​វាល​រហោស្ថាន​អោយ​មារ*​សាតាំង​ល្បួង  បន្ទាប់​ពី​បាន​តម​អាហារ​អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់​មក ព្រះអង្គ​ក៏​ឃ្លាន។  មេ​ល្បួង​ ចូល​មក​ជិត​ព្រះអង្គ ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន សូម​ធ្វើ​អោយ​ដុំ​ថ្ម​ទាំង​នេះ​ទៅ​ជា​នំបុ័ង​មើល៍!»  ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថាមនុស្ស​មិន​មែន​រស់​ដោយសារ​តែ​អាហារប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ព្រះបន្ទូល ដែល​ចេញ​មក​ពី​ព្រះឱស្ឋ​របស់​ព្រះជាម្ចាស់​ដែរ” »  ពេល​នោះ មារ​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូសាឡឹម ជា​ក្រុង​ដ៏វិសុទ្ធ* ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះវិហារ*  ហើយ​ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថាព្រះជាម្ចាស់​នឹង​បញ្ជា​អោយ​ទេវតា*​ចាំ​ទ្រ​លោក មិន​អោយ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ” »  ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មារ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ទៀត​ថាកុំ​ល្បងល​ព្រះជាម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ” ​»  មារ​ក៏​នាំ​ព្រះអង្គ​ទៅ​ លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំង​អោយ​ព្រះអង្គ​ឃើញ​ភោគ​ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។  មារ​ទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​សម្បត្តិ​នេះ​អោយ!» ១០ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មារ​ថា៖          «សាតាំង​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថាអ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក និង​គោរព​បំរើ​តែ​ព្រះអង្គ​ប៉ុណ្ណោះ” » ១១ ពេល​នោះ មារ​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ ហើយ​មាន​ពួក​ទេវតា*​នាំ​គ្នា​ចូល​មក​គាល់ និង​បំរើ​ព្រះអង្គ។
ព្រះយេស៊ូ​ចាប់​ផ្ដើម​ផ្សាយ​ដំណឹងល្អ​នៅ​ស្រុក​កាលីឡេ
(ម៉ាកុស ១:១៤-១៥ លូកា ៤:១៤-១៥)
១២ កាល​ព្រះយេស៊ូ​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំឃាំង​ហើយ ព្រះអង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលីឡេ។ ១៣ ព្រះអង្គ​ចាក​ចេញ​ពី​ភូមិ​ណាសារ៉ែត ទៅ​ស្នាក់​នៅ​ក្រុង​កាពើណិម​ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូឡូន និង​តំបន់​ណែបថាលី ១៤ ដើម្បី​អោយ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖ ១៥ «ដែន​ដី​សាប់យូឡូន និង​ដែន​ដី​ណែបថាលី ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​កាន់​សមុទ្រ​អើយ! ស្រុក​ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលីឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​អើយ! ១៦ ប្រជាជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ លេច​ឡើងបំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់» ១៧ តាំង​ពី ​គ្រា​នោះ​មក ព្រះយេស៊ូ​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ​នៅ​ជិត​បង្កើយ​ហើយ!»
ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស​បួន​រូប
(ម៉ាកុស ១:១៦-២០ លូកា ៥:១-១១)
១៨ កាល​ព្រះអង្គ​យាង​តាម​ ឆ្នេរ​សមុទ្រ​កាលីឡេ ទ្រង់​ទត​ឃើញ​បង​ប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​ពេត្រុស និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់។ ១៩ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​អោយ​នេសាទ​មនុស្ស​វិញ» ២០ អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។ ២១ ព្រះយេស៊ូ​យាង​ទៅ​មុខ​ ឆ្ងាយ​បន្ដិច ព្រះអង្គ​ទត​ឃើញ​បង​ប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេដេ កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេដេ ជា​ឪពុក។ ព្រះអង្គ​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។ ២២ អ្នក​ទាំង​ពីរ​ចាក​ចោល​ទូក ចាក​ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះយេស៊ូ​ទៅ។ ២៣ ព្រះយេស៊ូ ​យាង​កាត់​ស្រុក​កាលីឡេ​ទាំង​មូល ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​ នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ពួក​គេ ព្រះអង្គ​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជាជន អោយ​បាន​ជា​ផង។ ២៤ ព្រះកិត្តិនាម​របស់​ ព្រះអង្គ​ក៏​ល្បី​ឮ​ខ្ចរខ្ចាយ​ពាសពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំគ្រា មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​ប្រោស​គេ​អោយ​បាន​ជា​ទាំង​អស់​គ្នា។ ២៥ មាន​មហាជន​ជា​ច្រើន ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ក្រុង​យេរូសាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់ នាំ​គ្នា​ដើរ​តាម​ព្រះយេស៊ូ។

ជំពូកទី៥
សុភមង្គល​ដ៏​ពិត​ប្រាកដ
(លូកា ៦:២០-២៦)
 ព្រះយេស៊ូ​ទត​ឃើញ​មហាជន​ទាំង​នេះ ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះអង្គ​គង់​នៅ​ទី​នោះ។ សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ  ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​បង្រៀន​គេ​ថា៖  «អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រខ្សត់ អ្នក​នោះ​មាន​សុភមង្គល*​ហើយ ដ្បិត​ពួក​គេ​បាន​ទទួល​ព្រះរាជ្យ នៃ​ស្ថាន​បរមសុខ!  អ្នក​ណា​សោកសៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះជាម្ចាស់​នឹង​សំរាល​ទុក្ខ​ពួក​គេ!  អ្នក​ណា​មាន​ចិត្ត​ស្លូតបូត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ទទួល​ផែនដី​ទុក​ជា​មត៌ក!  អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះជាម្ចាស់​នឹង​ប្រទាន​អោយពួក​គេ​បាន​ឆ្អែត!  អ្នក​ណា​មាន​ចិត្ត​មេត្តាករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះជាម្ចាស់​នឹង​សំដែង​ព្រះហឫទ័យ មេត្តាករុណា​ដល់​ពួក​គេ​វិញ!  អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះជាម្ចាស់!  អ្នក​ណា​កសាង​សន្តិភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​មាន ឈ្មោះ​ជា​បុត្រ របស់​ព្រះជាម្ចាស់! ១០ អ្នក​ណា​ត្រូវ​គេ​បៀតបៀន ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះរាជ្យ នៃ​ស្ថាន​បរមសុខ! ១១ ប្រសិន​ បើ​មាន​គេ​ត្មះតិះដៀល បៀតបៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ! ១២ ចូរ​អរ​សប្បាយ​រីករាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរមសុខ ដ្បិត​ពួក​ព្យាការី*​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀតបៀន​ដូច្នោះ​ដែរ»
អំបិល និង​ពន្លឺ
(ម៉ាកុស ៩:៥០-៥១ លូកា ១៤:៣៤-៣៥)
១៣ «អ្នក​រាល់​គ្នា​ជា​ អំបិល សំរាប់​មនុស្ស​លោក ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​អោយ​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ គឺ​មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ អោយ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។ ១៤ អ្នក​រាល់​គ្នា​ជា​ពន្លឺ សំរាប់​បំភ្លឺ​មនុស្ស​លោក។ គេ​មិន​អាច​លាក់​បំបាំង​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ​បាន​ឡើយ។ ១៥ គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ​នោះ​ទេ គឺ​គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះ​បំភ្លឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ។ ១៦ ចូរ​អោយ​ពន្លឺ​របស់​ អ្នក​រាល់​គ្នា បំភ្លឺ​មនុស្ស​ទាំងឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​លើក​តម្កើង​សិរីរុងរឿង​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរមសុខ*»
ព្រះបន្ទូល​អំពី​គម្ពីរ​វិន័យ
១៧ «សុំ​កុំ​នឹក​ស្មាន​ថា​ ខ្ញុំ​មក​លុប​បំបាត់​គម្ពីរ​វិន័យ ឬ​គម្ពីរ​ព្យាការី*​ចោល​ឡើយ។ ខ្ញុំ​មិន​មែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើ​អោយ​គម្ពីរ​មាន​អត្ថន័យ​ពេញ​លក្ខណៈ​ទៅ​វិញ​។ ១៨ ខ្ញុំ​សុំ​ប្រាប់​អោយ​ អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ស្ថិតស្ថេរ​ដរាប​នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ​វិន័យ*​ត្រូវ​រលុប​បាត់​ឡើយ គឺ​គម្ពីរ​ទាំង​មូល​នឹង​នៅ​ស្ថិតស្ថេរ​រហូត​ដល់​ទី​បំផុត។ ១៩ អ្នក​ណា​ល្មើស​បទបញ្ជា​ តូច​មួយ​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​អោយ​ធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូច​ជាង​គេ ក្នុង​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ប្រព្រឹត្ត​តាម​បទបញ្ជា​ទាំង​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​អោយ​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។ ២០ ខ្ញុំ​សុំ​ប្រាប់​អោយ​ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​សេចក្ដី​សុចរិត*​របស់​អ្នក​រាល់​គ្នា​មិន​ប្រសើរ​ជាង​សេចក្ដី​សុចរិត​ របស់​ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​បាន​ឡើយ»
ព្រះបន្ទូល​អំពី​កំហឹង
២១ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថាកុំ​សម្លាប់​មនុស្ស” ​ អ្នក​ណា​សម្លាប់​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស។ ២២ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេចផ្តាសា​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​កាត់​ទោស ហើយ​អ្នក​ណា​ត្មះតិះដៀល​គេ​ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។ ២៣ ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះជាម្ចាស់ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក ២៤ ចូរ​ទុក​តង្វាយ​របស់​ អ្នក នៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះស្រួល​នឹង​បង​ប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។ ២៥ កាល​ណា​អ្នក​ធ្វើ​ដំណើរ ​ទៅ​តុលា​ការ​ជា​មួយ​គូវិវាទ​របស់​អ្នក ចូរ​ស្រុះស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅក្រម ចៅក្រម​បញ្ជូន​អ្នក​ទៅ​នគរបាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។ ២៦ ខ្ញុំ​សុំ​ប្រាប់​អោយ​ អ្នក​ដឹង​ច្បាស់​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះអ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»
ព្រះបន្ទូល​អំពី​ការ​ផិត​ក្បត់
២៧ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថាកុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ២៨ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់​ ហើយ​មាន​ចិត្ត​ស្រើបស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ។ ២៩ ប្រសិន​បើ​ភ្នែក​ស្ដាំ​ របស់​អ្នក នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​អោយ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​អោយ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។ ៣០ ប្រសិន​បើ​ដៃ​ស្ដាំ​ របស់​អ្នក នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​អោយ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវយវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​អោយ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»
ព្រះបន្ទូល​អំពី​ការ​លែងលះ​ប្ដី​ប្រពន្ធ
(ម៉ាថាយ ១៩:៩ ម៉ាកុស ១០:១១-១២ លូកា ១៦:១៨)
៣១ «មាន​សេចក្ដី​ថ្លែង​ទុក​មក​ថាបុរស​ណា​លែង​ភរិយា ត្រូវ​ធ្វើ​លិខិត​លែងលះ​អោយ​នាង៣២ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើកលែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ​) បុរស​នោះ​ធ្វើ​អោយ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»
ព្រះបន្ទូល​អំពី​សម្បថ
៣៣ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថាៈកុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះអម្ចាស់ ៣៤ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​អោយ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ ៣៥ ក៏​កុំ​ស្បថ​ដោយ​យក​ ផែនដី​ជា​សាក្សី​ដែរ ព្រោះ​ផែនដី​ជា​កំណល់​ទ្រ​ព្រះបាទា​របស់​ព្រះអង្គ។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូសាឡឹម​ជា​សាក្សី ព្រោះ​យេរូសាឡឹម​ជា​ក្រុង​របស់​ព្រះមហាក្សត្រ​ដ៏​ឧត្ដម។ ៣៦ កុំ​ស្បថ​ដោយ​យក​ក្បាល​ អ្នក​ជា​សាក្សី ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​អោយ​សក់​របស់​អ្នក​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ សូម្បី​តែ​មួយ​សរសៃ​ក៏​ពុំ​បាន​ផង។ ៣៧ ត្រូវ​និយាយ​អោយ​ទៀង​ ទាត់ បើ មែនអោយ​ប្រាកដ​ជា មែនបើ ទេអោយ​ប្រាកដ​ជាទេ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​កំណាច​ទាំង​អស់»
ព្រះបន្ទូល​អំពី​គំនុំ​សងសឹក
(លូកា ៦:២៩-៣០)
៣៨ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថាប្រសិន​បើ​គេ​វាយ​ភ្នែក​អ្នក​ម្ខាង ត្រូវ​វាយ​ភ្នែក​គេ​តែ​ម្ខាង​វិញ ប្រសិន​បើ​គេ​វាយ​អ្នក​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​គេ​អោយ​បាក់​ធ្មេញ​តែ​មួយ​ដែរ​។ ៣៩ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​កំណាច​អោយ​សោះ បើ​មាន​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​អោយ​គេ​ទះ​ម្ខាង​ទៀត​ទៅ។ ៤០ បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​អោយ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។ ៤១ បើ​មាន​គេ​បង្ខំ​អ្នក​អោយ​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ពីរ​យោជន៍​ជា​មួយ​គេ​ចុះ។ ៤២ អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​អោយ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ដែល​សុំ​ខ្ចី​អ្វីៗ​ពី​អ្នក​ដែរ»
ត្រូវ​ស្រឡាញ់​ខ្មាំង​សត្រូវ
(លូកា ៦:២៧-២៨, ៣២-៣៦)
៤៣ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថាចូរ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក ៤៤ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូលអង្វរ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​អោយ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា​ផង។ ៤៥ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​ព្រះបិតា​ដែល​គង់​នៅ​ស្ថាន​បរមសុខ ដ្បិត​ព្រះអង្គ​ប្រទាន​អោយ​ព្រះអាទិត្យ​របស់​ព្រះអង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ទ្រង់​ប្រទាន​ទឹក​ភ្លៀង​អោយ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។ ៤៦ ប្រសិន​បើ​អ្នក​រាល់​ គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​ទទួល​រង្វាន់​អ្វី? សូម្បី​តែ​អ្នក​ទារ​ពន្ធ*​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។ ៤៧ បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បង​ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ។ ៤៨ ព្រះបិតា​របស់​អ្នក​ រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ទ្រង់​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​អោយ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»




ការ​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ
 ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាននៅ​មុខ​មនុស្ស ឲ្យ​តែ​គេ​ឃើញ​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​គ្មាន​រង្វាន់ នៅ​នឹង​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌​ទេ  ដូច្នេះ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក ដូច​ពួក​មាន​ពុត ដែល​ប្រព្រឹត្ត​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​តាម​ផ្លូវ ដើម្បី​ឲ្យ​បាន​មនុស្ស​លោក​សរសើរ​ខ្លួន​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ  ប៉ុន្តែ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​ធ្វើ​ឡើយ  ដើម្បី​ឲ្យ​អំពើ​ទាន​របស់ ​អ្នក បាន​ស្ងាត់​កំបាំង នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។
ព្រះបន្ទូល​អំពី​ការ​អធិស្ឋាន
(លូកា ១១.២-៤)
 កាល​ណា​អ្នក​អធិស្ឋាន កុំ​ឲ្យ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​ចូល​ចិត្ត​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ជ្រុង​ផ្លូវ ឲ្យ​មនុស្ស​លោក​ឃើញ​នោះ​ឡើយ ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា គេ​បាន​រង្វាន់​របស់​គេ​ហើយ  តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់  ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ​ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន  ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះវរបិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​របស់​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​ដែល​អ្នក​សូម​ផង  ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ ១០ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ ១១ សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ ១២ សូម​អត់​ទោស​សេចក្តី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ១៣ សូម​កុំ​នាំ​យើង​ខ្ញុំ​ ទៅ​កាន់​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្តី​អាក្រក់​វិញ ដ្បិត​រាជ្យ ព្រះចេស្តា និង​សិរីល្អ​ជា​របស់​ផង​ទ្រង់ នៅ​អស់​កល្ប​ជានិច្ច អាម៉ែន ១៤ ដ្បិត​បើ​អ្នក​រាល់​ គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ១៥ តែ​បើ​អ្នក​រាល់​គ្នា​ មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ។
ការ​តម​អាហារ
១៦ កាល​ណា​អ្នក​រាល់​គ្នា​ តម​អាហារ នោះ​កុំ​ឲ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ក្លែង​ទឹក​មុខ​ស្រងូត ឲ្យ​មនុស្ស​លោក​ឃើញ​ថា​គេ​តម ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ ១៧ តែ​អ្នក កាល​ណា​តម នោះ​ចូរ​ឲ្យ​លាប​គ្រឿង​ក្រអូប​នៅ​លើ​ក្បាល ហើយ​លប់​មុខ​ចេញ ១៨ ដើម្បី​កុំ​ឲ្យ​មនុស្ស​ លោក​ឃើញ​ថា អ្នក​តម​ឡើយ គឺ​ឲ្យ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ទី​លាក់​កំបាំង បាន​ឃើញ​វិញ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​នៅ​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក នៅ​ទី​ប្រចក្ស​ច្បាស់។
អំពី​សម្បត្តិ​សួគ៌
(លូកា ១២.៣៣-៣៤)
១៩ កុំ​ឲ្យ​ប្រមូល​ ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ ២០ ត្រូវ​ប្រមូល​ ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង ២១ ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។
ពាក្យ​ប្រស្នា​អំពី​ចង្កៀង
(លូកា ១១.៣៤-៣៦)
២២ ឯ​ចង្កៀង​របស់​រូបកាយ គឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូបកាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ ២៣ តែ​បើ​ភ្នែក​អ្នក​ អាក្រក់​វិញ នោះ​រូបកាយ​អ្នក​ទាំង​មូល នឹង​ត្រូវ​ងងឹត​សូន្យ យ៉ាង​នោះ បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្តី​ងងឹត​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អម្បាលម៉ាន​ទៅ​ហ្ន៎។
ត្រូវ​ពឹង​ផ្អែក​លើ​ព្រះជាម្ចាស់
(លូកា ១៦.១៣, ១២.២២-៣១)
២៤ គ្មាន​អ្នក​ណា​អាច​នឹង​ បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះត្រង់​នឹង​១ ហើយ​មើលងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ និង​ទ្រព្យសម្បត្តិ​ផង​បាន​ទេ ២៥ ដោយ​ហេតុ​នេះ​បាន​ជា​ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូបកាយ តើ​មិន​វិសេស​ជាង​សំលៀកបំពាក់​ទេ​ឬ​អី ២៦ ចូរ​ពិចារណា​ពី​សត្វ​ ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី ២៧ ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ ២៨ ហើយ​ពី​ដំណើរ​ សំលៀកបំពាក់ តើ​អ្នក​រាល់​គ្នា​ខំ​ខ្វល់ខ្វាយ​ធ្វើ​អ្វី ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច គឺ​វា​មិន​នឿយ​ហត់​នឹង​ធ្វើ​ការ ឬ​ស្រាវ​រវៃ​ទេ ២៩ តែ​ខ្ញុំ​ប្រាប់​អ្នក​ រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្តី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង ៣០ រីឯ​តិណជាតិ ដែល​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​នៅ​ជើងក្រាន បើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី ៣១ ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀកពាក់​អ្វី​នោះ​ឡើយ ៣២ ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ ៣៣ ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង ៣៤ ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្តី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ។

ជំពូកទី៧
កុំ​ថ្កោល​ទោស​អ្នក​ដទៃ
(លូកា ៦.៣៧-៣៨, ៤១-៤២)
 កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ  ដ្បិត​អ្នក​រាល់​គ្នា​ ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង  ហេតុ​អ្វី​បាន​ជា​អ្នក​ មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ  ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​ អ្នក​និយាយ​នឹង​បង​ប្អូន​ថា ចូរ​ឲ្យ​អញ​យក​កំទេច​ពី​ភ្នែក​ឯង​ចេញ តែ​មើល មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ  អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ។  កុំ​ឲ្យ​ របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះ​កែវមុក្តា​របស់​ខ្លួន នៅ​មុខ​ជ្រូក​ឡើយ ក្រែង​វា​ជាន់​ឈ្លី រួច​ត្រឡប់​ស្ទុះ​មក​ខ្វេះ​អ្នក​វិញ។
អំពី​របៀប​ដែល​ត្រូវ​អធិស្ឋាន
(លូកា ១១.៩-១៣)
 ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក  ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ  ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា ១០ ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី ១១ ចុះ​បើ​អ្នក​រាល់​គ្នា​ ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត។
ទ្វារ​ចង្អៀត
(លូកា ១៣.២៤)
១២ ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ ដ្បិត​នេះ​ឯង​ជា​ក្រឹត្យវិន័យ ហើយ​ជា​សេចក្តី​ទំនាយ​របស់​ពួក​ហោរា។
១៣ ចូរ​ឲ្យ ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្តី​ហិនវិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ ១៤ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ។
ប្រស្នា​អំពី​ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់
(លូកា ៦.៤៣-៤៤)
១៥ ចូរ​ប្រយ័ត្ន​នឹង​ពួក​ គ្រូ​ក្លែងក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ ១៦ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត តើ​ដែល​បេះ​ផ្លែ​ទំពាំងបាយជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបងយក្ស​ឬ​ទេ ១៧ ដូចេ្នះ អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​ឈើ​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ ១៨ ធម្មតា​ដើម​ឈើ​ល្អ មិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់ ក៏​ពុំ​អាច​បញ្ចេញ​ផល​ល្អ​បាន​ដែរ ១៩ អស់​ទាំង​ដើម​ឈើ​ណា ដែល​មិន​កើត​ផល​ផ្លែ​ល្អ នោះ​ត្រូវ​តែ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ ២០ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយសារ​ផល​គេ​បង្កើត។
សិស្ស​ដ៏​ពិត​ប្រាកដ
(លូកា ១៣.២៥-២៧)
២១ មិន​មែន​អស់​អ្នក​ណា​ ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ ២២ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះនាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះនាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិបារមី​ជា​ច្រើន ដោយ​នៅ​ព្រះនាម​ទ្រង់​ទេ​ឬ​អី ២៣ នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ។
ប្រស្នា​អំពី​មនុស្ស​ពីរ​នាក់​សង់​ផ្ទះ
(លូកា ៦.៤៦-៤៩)
២៤ ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម ២៥ រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម ២៦ ឯ​អស់​អ្នក​ណា​ដែល​ឮ​ ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ ២៧ រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ធំ។ ២៨ កាល​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​រួច​ហើយ នោះ​បណ្តា​មនុស្ស​ក៏​នឹក​ប្លែក ពី​សេចក្តី​ដែល​ទ្រង់​បង្រៀន ២៩ ពី​ព្រោះ​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច មិន​មែន​ដូច​ពួក​អាចារ្យ​របស់​គេ​ទេ។

ជំពូកទី៨
ព្រះយេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា
(ម៉ាកុស ១.៤០-៤៥ លូកា ៥.១២-១៤)
 កាល​ព្រះយេស៊ូវ ទ្រង់​បាន​យាង​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​កកកុញ​ដើរ​តាម​ទ្រង់  ក៏​ឃើញ​មាន​មនុស្ស​ឃ្លង់​ ម្នាក់ មក​ក្រាប​ថ្វាយ​បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះអម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន  ទ្រង់​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់​ដោយ​ព្រះបន្ទូល​ថា ខ្ញុំ​ចង់​ដែរ ចូរ​ឲ្យ​ជា​ស្អាត​ចុះ ស្រាប់​តែ​រោគ​ឃ្លង់​ក៏​ជា​ស្អាត​ភ្លាម  រួច​ព្រះយេស៊ូវ​ទ្រង់​ហាម ​ថា នែ កុំ​ប្រាប់​អ្នក​ឯ​ណា​ឲ្យ​សោះ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​ដង្វាយ​តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ។
ព្រះយេស៊ូវ​ប្រោស​អ្នក​បំរើ​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ឲ្យ​ជា
(លូកា ៧.១-១០)
 កាល​ព្រះយេស៊ូវ ទ្រង់​បាន​យាង​ចូល​ទៅ​ក្រុង​កាពើណិម​ហើយ នោះ​មេ​ទ័ព​ម្នាក់​មក​ឯ​ទ្រង់​ទូល​អង្វរ​ថា  ព្រះអម្ចាស់​អើយ បាវ​ទូលបង្គំ​វា​ស្លាប់​ដៃ​ស្លាប់​ជើង ដេក​នៅ​ផ្ទះ​វេទនា​ខ្លាំង​ណាស់  ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ខ្ញុំ​នឹង​ទៅ​ប្រោស​ឲ្យ​ជា  តែ​មេ​ទ័ព​ទូល​ប្រកែក​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​មិន​គួរ​នឹង​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ សូម​ទ្រង់​គ្រាន់​តែ​មាន​ព្រះបន្ទូល​មួយ​ព្រះឱស្ឋ​មក​ប៉ុណ្ណោះ នោះ​បាវ​ទូលបង្គំ​នឹង​បាន​ជា​ហើយ  ដ្បិត​ទូលបង្គំ​ជា​មនុស្ស ​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូលបង្គំ បើ​ទូលបង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ នោះ​វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ នោះ​វា​ក៏​ធ្វើ​តាម ១០ កាល​ព្រះយេស៊ូវ​បាន​ឮ​ ពាក្យ​នោះ​ហើយ ទ្រង់​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ព្រះហឫទ័យ រួច​មាន​ព្រះបន្ទូល​ទៅ​ពួក​អ្នក​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្តី​ជំនឿ​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​ទាំង​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល​ផង ១១ ខ្ញុំ​ប្រាប់​អ្នក​រាល់ ​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថានសួគ៌ ១២ តែ​អស់​ទាំង​មនុស្ស​របស់​នគរ​នោះ នឹង​ត្រូវ​បោះ​ចោល ទៅ​ក្នុង​សេចក្តី​ងងឹត​ខាង​ក្រៅ​វិញ នៅ​ទី​នោះ​នឹង​មាន​យំ ហើយ​សង្កៀត​ធ្មេញ ១៣ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មេ​ទ័ព​នោះ​ថា ចូរ​ទៅ​ចុះ ឲ្យ​បាន​ដូច​សេចក្តី​ជំនឿ​របស់​អ្នក​ចុះ បាវ​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។
ព្រះយេស៊ូវ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា
(ម៉ាកុស ១.២៩-៣៤ លូកា ៤.៣៨-៤១)
១៤ លុះ​ព្រះយេស៊ូវ ទ្រង់​យាង​ទៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស​ហើយ នោះ​ឃើញ​ម្តាយ​ក្មេក​គាត់​កំពុង​តែ​ដេក​គ្រុន ១៥ រួច​ទ្រង់​ពាល់​ដៃ​នាង នោះ​គ្រុន​ក៏​បាត់​ទៅ ហើយ​នាង​ក្រោក​ឡើង​បំរើ​ទ្រង់។
១៦ ដល់​ពេល ​ព្រលប់ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ដេញ​អារក្ស​ដោយសារ​ព្រះបន្ទូល ឯ​អស់​អ្នក​ដែល​មាន​ជំងឺរោគា ទ្រង់​បាន​ប្រោស​ឲ្យ​ជា​គ្រប់​គ្នា​ដែរ ១៧ ដើម្បី​ឲ្យ​បាន​សំរេច តាម​ទំនាយ​ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា «ទ្រង់​បាន​ទទួល​អស់​ទាំង​រោគា ហើយ​ផ្ទុក​អស់​ទាំង​ជំងឺ​របស់​យើង​រាល់​គ្នា នៅ​លើ​ព្រះអង្គ​ទ្រង់»
លក្ខណសម្បត្តិ​របស់​អ្នក​ដែល​ចង់​តាម​ព្រះយេស៊ូវ
(លូកា ៩.៥៧-៦២)
១៨ កាល​ព្រះយេស៊ូវ ទ្រង់​ឃើញ​ហ្វូង​មនុស្ស​កកកុញ​នៅ​ជុំវិញ​ទ្រង់ នោះ​ទ្រង់​បង្គាប់ ឲ្យ​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​ទៅ ១៩ ខណៈ​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ទូល​ទ្រង់​ថា លោក​គ្រូ​អើយ ខ្ញុំ​នឹង​តាម​លោក​ទៅ​ដែរ ទោះ​បើ​លោក​ទៅ​ឯ​ណា​ក៏​ដោយ ២០ ព្រះយេស៊ូវ​ទ្រង់​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ ២១ មាន​សិស្ស​ទ្រង់​ម្នាក់​ទៀត​ទូល​ថា ព្រះអម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត្ត​ឲ្យ​ទូលបង្គំ បាន​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន ២២ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​មក​តាម​ខ្ញុំ​វិញ ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ។
ព្រះយេស៊ូវ​ធ្វើ​ឲ្យ​រលក​ស្ងប់
(ម៉ាកុស ៤.៣៥-៤១ លូកា ៨.២២-២៥)
២៣ កាល​ទ្រង់​បាន​យាង​ចុះ​ទូក​ហើយ នោះ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ ២៤ ឯ​សមុទ្រ​ក៏​កំរើក​ឡើង​ជា​ខ្លាំង ដល់ម៉្លេះ​បាន​ជា​រលក​ឡើង​គ្រប​លើ​ទូក តែ​ទ្រង់​ផ្ទំ​លក់ ២៥ ពួក​សិស្ស​ក៏​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង យើង​ខ្ញុំ​វិនាស​ហើយ ២៦ ទ្រង់​មាន​ព្រះបន្ទូល​ ថា ឱ​ពួក​អ្នក​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ រួច​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់ និង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ ២៧ អ្នក​ទាំង​នោះ​មាន​ សេចក្តី​អស្ចារ្យ ហើយ​និយាយ​គ្នា​ថា តើ​មនុស្ស​នេះ​បែប​យ៉ាង​ណា បាន​ជា​ទាំង​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។
ព្រះយេស៊ូវ​ប្រោស​បុរស​អារក្ស​ចូល​ពីរ​នាក់
(ម៉ាកុស ៥.១-២០ លូកា ៨.២៦-៣៩)
២៨ កាល​ទ្រង់​បាន​ដល់​ ស្រុក​គេរ៉ាស៊ីន នៅ​ត្រើយ​ម្ខាង​ហើយ នោះ​មាន​មនុស្ស​២​នាក់ ដែល​មាន​អារក្ស​ចូល គេ​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​នឹង​ទ្រង់ វា​សាហាវ​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​ផ្លូវ​នោះ​ទេ ២៩ នោះ​វា​ស្រែក​ឡើង​ថា ឱ​ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​អើយ តើ​យើង​ហើយ និង​ទ្រង់​មាន​ការ​អ្វី​នឹង​គ្នា តើ​ទ្រង់​បាន​យាង​មក​ទី​នេះ ដើម្បី​នឹង​ធ្វើ​ទុក្ខ​ដល់​យើង​មុន​កំណត់​ឬ​អី ៣០ រីឯ​នៅ​ទី​ដែល​ឆ្ងាយ​ពី​វា នោះ​មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ​កំពុង​តែ​រក​ស៊ី ៣១ ហើយ​ពួក​អារក្ស​នោះ​ក៏​ទូល​អង្វរ​ទ្រង់​ថា បើ​ទ្រង់​បណ្តេញ​យើង សូម​អនុញ្ញាត្ត​ឲ្យ​យើង​ចូល​ទៅ​នៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ ៣២ ទ្រង់​មាន​ព្រះបន្ទូល​ តប​ថា ទៅ​ចុះ វា​ក៏​ចេញ​ទៅ​ចូល​ក្នុង​ហ្វូង​ជ្រូក រួច​ជ្រូក​នាំ​គ្នា​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ ៣៣ ឯ​ពួក​អ្នក​ដែល​ឃ្វាល​ វា គេ​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង រ៉ាយរ៉ាប់​ប្រាប់​ពី​គ្រប់​ការ​ទាំង​នោះ ហើយ​ពី​មនុស្ស​២​នាក់​ដែល​មាន​អារក្ស​ចូល​ផង ៣៤ ចំណែក​ពួក​អ្នក​ក្រុង​ នោះ​ទាំង​អស់​គ្នា ក៏​ចេញ​មក​ឯ​ព្រះយេស៊ូវ កាល​បាន​ឃើញ​ទ្រង់ គេ​ក៏​អង្វរ​ឲ្យ​ទ្រង់​យាង​ចេញ​ពី​ក្រវល់​ស្រុក​គេ​ទៅ។

ជំពូកទី៩
ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ដើរ​រួច
(ម៉ាកុស ២.១-១២ លូកា ៥.១៧-២៦)
 ព្រះយេស៊ូវ ទ្រង់​ក៏​យាង​ចុះ​ទូក ឆ្លង​ទៅ​ឯ​ក្រុងរបស់​ទ្រង់​វិញ  នោះ​មាន​គេ​នាំ​មនុស្ស​ ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​ឯ​ទ្រង់ កាល​ទ្រង់​ទត​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​ទាំង​នោះ ក៏​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ  ដូច្នេះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា មនុស្ស​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ  ឯ​ព្រះយេស៊ូវ ទ្រង់​ឈ្វេង​យល់​គំនិត​គេ ក៏​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ  ដ្បិត​ដែល​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង  ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា កូន​មនុស្ស​មាន​អំណាច នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន​ដែរ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​ឯង​ទៅ​ផ្ទះ​ទៅ  អ្នក​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ​ឯ​ផ្ទះ  កាល​ហ្វូង​មនុស្ស​បាន​ឃើញ ​ការ​នោះ គេ​កើត​មាន​សេចក្តី​អស្ចារ្យ ក៏​សរសើរដំកើង​ដល់​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​អំណាច​យ៉ាង​នេះ មក​មនុស្ស​លោក។
ព្រះយេស៊ូវ​ត្រាស់ហៅ​លោក​ម៉ាថាយ
(ម៉ាកុស ២.១៣-១៧ លូកា ៥.២៧-៣២)
 លុះ​ព្រះយេស៊ូវ​យាង​ហួស​ ពី​ទី​នោះ​ទៅ ទ្រង់​ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់​ទៅ ១០ កាល​ព្រះយេស៊ូវ​កំពុង​ គង់​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ នោះ​មាន​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ជា​ច្រើន បាន​មក​អង្គុយ​ជា​មួយ​នឹង​ទ្រង់ និង​ពួក​សិស្ស​ទ្រង់​ផង ១១ កាល​ពួក​ផារិស៊ី​បាន​ ឃើញ​ដូច្នោះ គេ​ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​នឹង​ពួក​យក​ពន្ធ ហើយ​និង​មនុស្ស​មាន​បាប​ដូច្នេះ ១២ តែ​ព្រះយេស៊ូវ​ទ្រង់​ក៏ ​បាន​ឮ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ មិន​ត្រូវ​ការ​នឹង​គ្រូពេទ្យ​ទេ គឺ​ជា​ពួក​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ១៣ ចូរ​ឲ្យ​អ្នក​រាល់​គ្នា ​ទៅ​រៀន​ន័យ​បទ ដែល​ថា «អញ​ចង់​បាន​សេចក្តី​មេត្តាករុណា មិន​មែន​យញ្ញបូជា​ទេ» ពី​ព្រោះ​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប ឲ្យ​ប្រែ​ចិត្ត​វិញ។
អំពី​ការ​តម​អាហារ
(ម៉ាកុស ២.១៨-២២ លូកា ៥.៣៣-៣៨)
១៤ នៅ​គ្រា​នោះ ពួក​សិស្ស​របស់​យ៉ូហាន ក៏​មក​ឯ​ទ្រង់​ទូល​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ និង​ពួក​ផារិស៊ី តម​តែ​ញយៗ តែ​ពួក​សិស្ស​ទ្រង់​មិន​ដែល​តម​សោះ​ដូច្នេះ ១៥ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ ​ថា កំពុង​ដែល​ប្តី​ថ្មោងថ្មី​នៅ​ជា​មួយ​គ្នា នោះ​តើ​សំឡាញ់​នៃ​គាត់​នឹង​ធ្វើ​ទឹក​មុខ​ព្រួយ​បាន​ឬ​ទេ ប៉ុន្តែ នឹង​មាន​គ្រា​មក​ដល់ ដែល​ប្តី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ នៅ​គ្រា​នោះ ទើប​គេ​នឹង​តម​អាហារ​វិញ ១៦ គ្មាន​អ្នក​ណា​ដែល​យក​ កំណាត់​សំពត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ដ្បិត​កំណាត់​ថ្មី​នោះ នឹង​ហែក​អាវ​ចាស់​ចេញ ហើយ​រំហែក​នោះ​នឹង​រឹង​រឹត​តែ​អាក្រក់​ជាង​ទៅ​ទៀត ១៧ ក៏​មិន​ដែល​មាន​អ្នក​ណា ​ដាក់​ស្រា​ទំពាំងបាយជូរ​ថ្មី ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​នឹង​ធ្លាយ ហូរ​ស្រា​ទំពាំងបាយជូរ​ចេញ​អស់ ហើយ​ទាំង​ថង់​នោះ​ក៏​ត្រូវ​ខូច​ខាត​ដែរ គឺ​គេ​តែង​ដាក់​ស្រា​ទំពាំងបាយជូរ​ថ្មី ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទើប​ទាំង​២​បាន​គង់​នៅ។
ព្រះយេស៊ូវ​ប្រោស​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​ជានិង​ប្រោស​កូន​ស្រី​លោក​យ៉ៃរ៉ុស​ឲ្យ​រស់​ឡើង​វិញ
(ម៉ាកុស ៥.២១-៤៣ លូកា ៨.៤០-៥៦)
១៨ កំពុង​ដែល​ទ្រង់​មាន​ ព្រះបន្ទូល​នឹង​គេ ពី​ដំណើរ​ទាំង​នោះ ស្រាប់​តែ​មាន​មេ​សាលា​ម្នាក់ មក​ក្រាប​ថ្វាយ​បង្គំ​ទូល​ថា កូន​ស្រី​របស់​ទូលបង្គំ​ទើប​នឹង​ស្លាប់​អម្បាញ់មិញ សូម​ទ្រង់​មេត្តា​យាង​ទៅ​ដាក់​ព្រះហស្ត​លើ​វា នោះ​វា​នឹង​រស់​ឡើង​វិញ ១៩ ព្រះយេស៊ូវ​ក៏​ក្រោក​ឡើង យាង​ទៅ​តាម ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ដែរ ២០ រីឯ​មាន​ស្ត្រី​ម្នាក់ នាង​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចូល​មក​ពី​ក្រោយ ពាល់​ជាយ​ព្រះពស្ត្រ​ទ្រង់ ២១ ដោយ​គិត​ក្នុង​ចិត្ត​ថា បើ​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ ២២ ឯ​ព្រះយេស៊ូវ ទ្រង់​បែរ​ទៅ​ឃើញ​នាង ក៏​មាន​ព្រះបន្ទូល​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ សេចក្តី​ជំនឿ​របស់​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ នាង​ក៏​ជា ចាប់​តាំង​ពី​វេលា​នោះ​មក ២៣ រួច​មក កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មេ​សាលា បាន​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ និង​មនុស្ស​សន្ធឹក​កំពុង​តែ​ឆោឡោ ២៤ នោះ​ទ្រង់​មាន​ ព្រះបន្ទូល​ថា ចូរ​ថយ​ចេញ​ទៅ ដ្បិត​នាង​ក្រមុំ​នេះ​មិន​មែន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ តែ​គេ​សើច​ចំអក​ឲ្យ​ទ្រង់ ២៥ លុះ​បណ្តេញ​មនុស្ស​ទាំង​នោះ ទៅ​ក្រៅ​អស់​ហើយ នោះ​ទ្រង់​យាង​ចូល​ទៅ​ចាប់​ដៃ​នាង រួច​នាង​ក៏​ក្រោក​ឡើង ២៦ រឿង​នោះ​បាន​ល្បី​ខ្ចរខ្ចាយ​ទួទៅ ពេញពាស​ក្នុង​ស្រុក​នោះ​ឯង។
ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​ឲ្យ​ភ្លឺ
២៧ កំពុង​ដែល​ព្រះយេស៊ូវ​ ទ្រង់​យាង​ចេញ​ពី​ទី​នោះ​ទៅ នោះ​មាន​មនុស្ស​ខ្វាក់​២​នាក់​តាម​ទ្រង់ ទាំង​ស្រែក​ថា ឱ​ព្រះរាជបុត្រា​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង ២៨ កាល​បាន​យាង​ចូល​ទៅ​ ក្នុង​ផ្ទះ នោះ​អ្នក​ខ្វាក់​ទាំង​២​ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ អ្នក​ទាំង​២​ទូល​ថា ជឿ​ហើយ ព្រះអម្ចាស់​អើយ ២៩ នោះ​ទ្រង់​ក៏​ពាល់​ភ្នែក​គេ ដោយ​ព្រះបន្ទូល​ថា ចូរ​ឲ្យ​បាន​ដូច​សេចក្តី​ជំនឿ​របស់​អ្នក​ចុះ ៣០ ភ្នែក​គេ​ក៏​បាន​ភ្លឺ​ឡើង រួច​ទ្រង់​ហាម​ផ្តាច់​ថា នែ កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឲ្យ​សោះ​ហ្នះ ៣១ តែ​កាល​គេ​ចេញ​ទៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​ពី​ទ្រង់ សុស​សាយ​ពេញ​ក្នុង​ស្រុក​នោះ។
ព្រះយេស៊ូវ​ប្រោស​មនុស្ស​គ​ម្នាក់​ឲ្យ​និយាយ​បាន
៣២ កំពុង​ដែល​អ្នក​ទាំង​២​ចេញ​ទៅ នោះ​មាន​គេ​នាំ​មនុស្ស​គ ដែល​មាន​អារក្ស​ចូល មក​ឯ​ទ្រង់ ៣៣ រួច​កាល​បាន​ដេញ​អារក្ស ​ចេញ​ហើយ នោះ​មនុស្ស​គ​បាន​និយាយ​ឡើង​បាន ឯ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​មាន​សេចក្តី​អស្ចារ្យ​ថា មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​សោះ​ឡើយ ៣៤ តែ​ពួក​ផារិស៊ី​និយាយ​ឡើង​ថា អ្នក​នេះ​ដេញ​អារក្ស ដោយសារ​តែ​មេ​អារក្ស​ទេ។
ព្រះយេស៊ូវ​អាណិត​មហាជន
(ម៉ាកុស ៦.៣៤ លូកា ១០.២)
៣៥ ព្រះយេស៊ូវ ទ្រង់​ក៏​យាង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺរោគា និង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា ៣៦ កាល​ទ្រង់​ឃើញ​ហ្វូង​ មនុស្ស​ហើយ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល ៣៧ បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ៣៨ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះអម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់។

ជំពូកទី១០
ព្រះយេស៊ូវ​តែងតាំង​សាវ័ក ១២ រូប
(ម៉ាកុស ៣.១៣-១៩ លូកា ៦.១២-១៦)
 កាល​ទ្រង់​បាន​ហៅ​ពួក​ សិស្ស​ទាំង​១២​នាក់​មក​ហើយ នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​អំណាច អាច​នឹង​ដេញ​អារក្សអសោច ហើយ​និង​មើល​គ្រប់​ទាំង​ជំងឺរោគា និង​ជរា​ពិការ​ទាំង​អស់​ឲ្យ​បាន​ជា​ផង  រីឯ​ពួក​សាវ័ក​ទាំង​១២​ នាក់ នោះ​ដូច​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ​ស្រាប់ គឺ មុន​ដំបូង​មាន​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប ជា​កូន​សេបេដេ​១ និង​យ៉ូហាន ជា​ប្អូន​គាត់​១  ភីលីព​១ បារថូល៉ូមេ​១ ថូម៉ាស​១ ម៉ាថាយ ជា​អ្នក​យក​ពន្ធ​១ យ៉ាកុប ជា​កូន​អាល់ផាយ​១ លេបេ ដែល​ហៅ​ថា​ថាដេ​១  ស៊ីម៉ូន ជា​សាសន៍​កាណាន​១ ហើយ​និង​យូដាស-អ៊ីស្ការីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។
ព្រះយេស៊ូវ​ចាត់​សិស្ស​ទាំង​១២​ទៅ​ប្រកាស​ដំណឹង​ល្អ
(ម៉ាកុស ៦.៧-១៣ លូកា ៩.១-៦)
 ព្រះយេស៊ូវ ទ្រង់​ចាត់​ពួក​១២​នាក់​នេះ ឲ្យ​ទៅ ដោយ​ផ្តាំ​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ ឬ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា​១​របស់​សាសន៍​សាម៉ារី​ឡើយ  ចូរ​ទៅ​ឯ​ចៀម​បាត់បង់ របស់​វង្សានុវង្ស​នៃ​ពួក​អ៊ីស្រាអែល​វិញ  ហើយ​កំពុង​ដែល​ទៅ នោះ​ចូរ​ប្រកាស​ប្រាប់​ថា នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ  ចូរ​ប្រោស​មនុស្ស​ជំងឺ​ ឲ្យ​ជា មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត ហើយ​ដេញ​អារក្ស​ចេញ​ផង អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ  កុំ​ឲ្យ​យក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ទៅ​ឡើយ ១០ ក៏​កុំ​ឲ្យ​យក​យាម​សំរាប់​តាម​ផ្លូវ ឬ​អាវ​២ ស្បែក​ជើង ឬ​ដំបង​ផង ដ្បិត​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​អាហារ​ចិញ្ចឹម​ខ្លួន ១១ នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ​ដែល​គេ​គួរ រួច​ឲ្យ​នៅ​ផ្ទះ​អ្នក​នោះ ដរាប​ដល់​អ្នក​ចេញ​ទៅ ១២ កាល​ណា​ចូល​ទៅ ក៏​ត្រូវ​ជំរាប​សួរអ្នក​ផ្ទះ​នោះ​ដែរ ១៣ បើ​អ្នក​ផ្ទះ​នោះ​គេ​ គួរ នោះ​ចូរ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ តែ​បើ​មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្តី​សុខ​សាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ ១៤ បើ​អ្នក​ណា​មិន​ទទួល ឬ​មិន​ស្តាប់​តាម​ពាក្យ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចុះ​ពី​ផ្ទះ​នោះ ឬ​ចេញ​ពី​ក្រុង​នោះ រួច​រលាស់​ធូលី​ពី​ជើង​អ្នក​ចេញ ១៥ ខ្ញុំ​ប្រាប់​អ្នក​រាល់ ​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ​វិញ។
អំពី​ការ​បៀតបៀន
(ម៉ាកុស ១៣.៩-១៣ លូកា ២១.១២-១៧)
១៦ នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្តាល​ហ្វូង​ស្វាន ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប ១៧ ត្រូវ​ឲ្យ​ប្រយ័ត្ន​នឹង ​មនុស្ស​លោក ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ក្រុមជំនុំ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ ១៨ អ្នក​រាល់​គ្នា​នឹង​ ត្រូវ​គេ​បញ្ជូន​ទៅ​នៅ​មុខ​ចៅហ្វាយ​ខេត្ត ហើយ​នៅ​ចំពោះ​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​អស់​នោះ ហើយ​និង​ពួក​សាសន៍​ដទៃ​ដែរ ១៩ ប៉ុន្តែ កាល​ណា​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ពី​ព្រោះ​សេចក្តី​ដែល​ត្រូវ​និយាយ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​នៅ​វេលា​នោះ​ឯង ២០ ដ្បិត​មិន​មែន​ជា​អ្នក​ រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះវិញ្ញាណ​របស់​ព្រះវរបិតា​នៃ​អ្នក​ទេ​តើ ដែល​ទ្រង់​មាន​ព្រះបន្ទូល​ក្នុង​ខ្លួន​អ្នក​វិញ ២១ បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ព្រម​ទាំង​សំឡាប់​គាត់​ផង ២២ មនុស្ស​ទាំង​អស់​នឹង​ ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ប៉ុន្តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​បាន​សង្គ្រោះ ២៣ កាល​ណា​គេ​ធ្វើ​ទុក្ខ បៀតបៀន​អ្នក​រាល់​គ្នា ក្នុង​ក្រុង​នេះ នោះ​ត្រូវ​រត់​ទៅ​ឯ​ក្រុង​១​ទៀត​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ដើរ មិន​ទាន់​ដល់​គ្រប់​ទី​ក្រុង​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ឡើយ នោះ​កូន​មនុស្ស​នឹង​បាន​មក​ដល់​ហើយ។ ២៤ សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ ហើយ​បាវ​ក៏​មិន​លើស​ជាង​ចៅហ្វាយ​ខ្លួន​ដែរ ២៥ បើ​សិស្ស​បាន​ស្មើ​នឹង​ គ្រូ ហើយ​បាវ​ស្មើ​នឹង​ចៅហ្វាយ នោះ​ល្មម​ហើយ បើ​សិន​ជា​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេលសេប៊ូល នោះ​ចំណង់​បើ​ពួក​អ្នក​នៅ​ផ្ទះ​នោះ​ទាំង​ប៉ុន្មាន តើ​គេ​នឹង​ហៅ​យ៉ាង​នោះ​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត។
ព្រះយេស៊ូវ​ទូន្មាន​សិស្ស​កុំ​ឲ្យ​ភ័យ​បារម្ភ
(លូកា ១២.២-៧)
២៦ ដូច្នេះ មិន​ត្រូវ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​សំដែង​ចេញ ឬ​អ្វី​លាក់លៀម ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ស្គាល់​នោះ​ទេ ២៧ ការ​អ្វី​ដែល​ខ្ញុំ​ ប្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ងងឹត នោះ​ចូរ​សំដែង​នៅ​ទី​ភ្លឺ ហើយ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ឮ​នៅ​ត្រចៀក នោះ​ចូរ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ​ចុះ ២៨ កុំ​ឲ្យ​ខ្លាច​ចំពោះ​ ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូបកាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះអង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង និង​រូបកាយ​វិនាស​ទៅ​ក្នុង​នរក​ផង ២៩ តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ ៣០ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ៣១ យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន។
អ្នក​ទទួល​ស្គាល់ និង​អ្នក​មិន​ទទួល​ស្គាល់​ព្រះយេស៊ូវ
(លូកា ១២.៨-៩)
៣២ ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ ៣៣ តែ​អ្នក​ណា​ដែល​មិន​ ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ។
ការ​បាក់​បែក​គ្នា​ព្រោះ​ជំនឿ
(លូកា ១២.៥១-៥៣)
៣៤ កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​មាន​សេចក្តី​មេត្រី​នៅ​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក ដើម្បី​តាំង​ឲ្យ​មាន​សេចក្តី​មេត្រី​ទេ គឺ​ឲ្យ​មាន​ដាវ​វិញ ៣៥ ដ្បិត​ខ្ញុំ​បាន​មក ដើម្បី​នឹង​នាំ​ឲ្យ​គេ​ទាស់​នឹង​ឪពុក​ខ្លួន ឲ្យ​កូន​ស្រី​ទាស់​នឹង​ម្តាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក ៣៦ ឯ​ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង ៣៧ អ្នក​ណា​ដែល​ស្រឡាញ់​ ឪពុក ឬ​ម្តាយ ជា​ជាង​ខ្ញុំ នោះ​មិន​គួរ​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស​ឬ​ស្រី ជា​ជាង​ខ្ញុំ នោះ​ក៏​មិន​គួរ​នឹង​ខ្ញុំ​ដែរ ៣៨ អ្នក​ណា​ដែល​មិន​យក​ឈើ​ឆ្កាង​ខ្លួន មក​តាម​ខ្ញុំ អ្នក​នោះ​មិន​គួរ​នឹង​ខ្ញុំ​ឡើយ ៣៩ អ្នក​ណា​ដែល​រក​បាន​ ជីវិត​ខ្លួន នោះ​នឹង​ត្រូវ​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។
អ្នក​ណា​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ទទួល​ខ្ញុំ​ដែរ
៤០ អ្នក​ណា​ដែល​ទទួល​អ្នក​ រាល់​គ្នា នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ៤១ អ្នក​ណា​ដែល​ទទួល​ហោរា ពី​ព្រោះ​ជា​ហោរា អ្នក​នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​ហោរា ឯ​អ្នក​ណា​ដែល​ទទួល​មនុស្ស​សុចរិត ពី​ព្រោះ​ជា​មនុស្ស​សុចរិត នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​មនុស្ស​សុចរិត​ដែរ ៤២ អ្នក​ណា​ដែល​ឲ្យ​ទឹក​ ត្រជាក់​តែ​១​កែវ ទៅ​កូន​ក្មេង​តូច​១​នេះ​ផឹក ពី​ព្រោះ​ជា​សិស្ស​ខ្ញុំ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ។




លោក​យ៉ូហានបាទីស្ទ​ចាត់​សិស្ស​ទៅ​ជួប​ព្រះយេស៊ូវ
(លូកា ៧.១៨-៣៥)
 កាល​ព្រះយេស៊ូវ​បាន​ផ្តាំ ​ពួក​សិស្ស​ទាំង​១២​នាក់​រួច​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ដើម្បី​នឹង​ទៅ​បង្រៀន ហើយ​សំដែង ក្នុង​អស់​ទាំង​ក្រុង​របស់​គេ។  រីឯ​ យ៉ូហាន​ដែល​ជាប់​នៅ​ក្នុង​គុក គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះគ្រីស្ទ​ទ្រង់​ធ្វើ ហើយ​ក៏​ចាត់​សិស្ស​គាត់​២​នាក់ ឲ្យ​ទៅ​ទូល​សួរ​ទ្រង់​ថា  តើ​ទ្រង់​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​នោះ ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ចាំ​១​អង្គ​ទៅ​ទៀត  ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​អ្នក​កំពុង​តែ​ឮ ហើយ​ឃើញ  គឺ​ថា​មនុស្ស​ខ្វាក់​បាន​ ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្របាន​ឮ​ដំណឹង​ល្អ​ផង  មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។  កំពុង​ដែល​អ្នក​ទាំង​២​នោះ​ចេញ​ទៅ​ហើយ នោះ​ព្រះយេស៊ូវ​ ​ទ្រង់​ផ្តើម​មាន​ព្រះបន្ទូល​នឹង​ហ្វូង​មនុស្សពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ​អី  តើ​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ពាក់​អាវ​ទន់ភ្លន់​ឬ​អី មើល​អស់​អ្នក​ដែល​ពាក់​អាវ​ទន់ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ  ចុះ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង ១០ ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្តី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ ឲ្យ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង» ១១ ខ្ញុំ​ប្រាប់​អ្នក​រាល់ ​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌ នោះ​ធំ​ជាង​គាត់​ហើយ ១២ តាំង​តែ​ពី​គ្រា​ យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថានសួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង ១៣ ពី​ព្រោះ​អស់​ទាំង​ហោរា និង​ក្រឹត្យវិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន ១៤ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក ១៥ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ ១៦ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី គឺ​ធៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា ១៧ យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​ទេ ១៨ ដ្បិត​យ៉ូហាន​បាន​មក​មិន​ស៊ី​មិន​ផឹក​សោះ តែ​គេ​ថា គាត់​មាន​អារក្ស​ចូល ១៩ ឯ​កូន​មនុស្ស បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា មើល​នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​របស់​ពួក​យក​ពន្ធ និង​មនុស្ស​មាន​បាប ប៉ុន្តែ​ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត។
ព្រះយេស៊ូវ​បន្ទោស​អ្នក​ក្រុង​នា​នា​ដែល​ពុំ​ព្រម​ជឿ
(លូកា ១០.១៣-១៥)
២០ នោះ​ទ្រង់​ចាប់​តាំង​ បន្ទោស​ដល់​អស់​ទាំង​ក្រុង ជា​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ការ​ឫទ្ធិបារមី​ជា​ច្រើន ពី​ព្រោះ​គេ​មិន​បាន​ប្រែ​ចិត្ត​សោះ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ថា ២១ វេទនា​ដល់​ឯង ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង បេតសៃដា​អើយ ពី​ព្រោះ​ឯ​ការ​ឫទ្ធិបារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត​ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដោយ​ផែះ​ផង ២២ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង​រាល់​គ្នា ២៣ ហើយ​ឯ​ឯង កាពើណិម​អើយ ដែល​ឯង​បាន​ដំកើង​ឡើង​ស្មើ​នឹង​ស្ថានសួគ៌​ហើយ ឯង​នឹង​ត្រូវ​ទំលាក់​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ពី​ព្រោះ​ឯ​ការ​ឫទ្ធិបារមី ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​ក្រុង​សូដុំម​វិញ នោះ​ក្រុង​គេ​នឹង​បាន​ស្ថិតស្ថេរ​នៅ​ជា​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ២៤ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង។
ព្រះវរបិតា និង​ព្រះរាជបុត្រា
(លូកា ១០.២១-២២)
២៥ នៅ​វេលា​នោះ ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ថា ឱ​ព្រះវបិតា ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ និង​ផែនដី​អើយ ទូលបង្គំ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្តី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​និង​ពួក​ឈ្លាសវៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ ២៦ ហ្នឹង​ហើយ ព្រះវរបិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​យ៉ាង​ដូច្នោះ ២៧ គ្រប់​សេចក្តី​ទាំង​អស់ ​បាន​ប្រគល់​មក​ខ្ញុំ​ពី​ព្រះវរបិតា​នៃ​ខ្ញុំ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះរាជបុត្រា​ទេ មាន​តែ​ព្រះវរបិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះវរបិតា​ដែរ មាន​តែ​ព្រះរាជបុត្រា ហើយ​និង​អ្នក​ណា ដែល​ព្រះរាជបុត្រា​សព្វ​ព្រះហឫទ័យ​ចង់​បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ។
វិន័យ​របស់​ព្រះយេស៊ូវ
២៨ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក ២៩ ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង ៣០ ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល។

ជំពូកទី១២
ព្រះយេស៊ូវ​មាន​អំណាច​លើ​ក្រឹត្យវិន័យ​ថ្ងៃ​សប្ប័ទ
(ម៉ាកុស ២.២៣-២៨, លូកា ៦.១-៥)
 នៅ​គ្រា​នោះ ព្រះយេស៊ូវ​យាង​កាត់​ស្រែ នៅ​ថ្ងៃ​ឈប់​សំរាក ឯ​ពួក​សិស្ស​ទ្រង់​គេ​ឃ្លាន ហើយ​គេ​ចាប់​បូត​គួរ​ស្រូវ​បរិភោគ​ទៅ  ពួក​ផារិស៊ី​ក៏​ឃើញ ហើយ​គេ​ទូល​ទ្រង់​ថា មើល​ន៏ សិស្ស​លោក​ធ្វើ​អំពើ ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ហើយ  តែ​ទ្រង់​មាន​ព្រះបន្ទូល​ តប​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់ និង​ពួក​អ្នក​នៅ​ជា​មួយ​បាន​ឃ្លាន​ទេ​ឬ​អី  គឺ​ដែល​ទ្រង់​បាន​យាង​ចូល ​ទៅ​ក្នុង​ដំណាក់​ព្រះ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ ឬ​ពួក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ  ឬ​អ្នក​រាល់​គ្នា​មិន​បាន ​មើល​ក្នុង​ក្រឹត្យវិន័យ​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ពួក​សង្ឃ នៅ​ក្នុង​ព្រះវិហារ ក៏​ប្រព្រឹត្ត​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក ឥត​មាន​ទោស​វិញ  ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​១​អង្គ ដែល​វិសេស​ជាង​ព្រះវិហារ​ទៅ​ទៀត  បើ​អ្នក​រាល់​គ្នា​បាន​ យល់​ន័យ​សេចក្តី​ដែល​ថា «អញ​ចង់​បាន​សេចក្តី​មេត្តាករុណា មិន​មែន​យញ្ញបូជា​ទេ» នោះ​អ្នក​រាល់​គ្នា​មិន​បាន​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ  ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សំរាក​ដែរ។
ព្រះយេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា
(ម៉ាកុស ៣.១-៦ លូកា ៦.៦-១១)
 ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ១០ នោះ​ឃើញ​មនុស្ស​ម្នាក់​ មាន​ដៃ​ស្វិត ហើយ​គេ​ទូល​សួរ​ទ្រង់​ថា តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​បាន​ឬ​ទេ នេះ​គឺ​ដើម្បី​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ ១១ តែ​ទ្រង់​ឆ្លើយ​ថា បើ​អ្នក​ណា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ចៀម​តែ​១ ហើយ​ចៀម​នោះ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​តើ​មិន​ទៅ​ចាប់​ស្រង់​វា​មក​ទេ​ឬ​អី ១២ ឯ​មនុស្ស តើ​មាន​ដំឡៃ​លើស​ជាង​ចៀម​អម្បាល​ម៉ាន​ទៅ​ទៀត ដូច្នេះមាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ ១៣ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​លាត​ដៃ​អ្នក​ទៅ គាត់​ក៏​លាត ហើយ​ដៃ​នោះ​បាន​ជា ដូច​ដៃ​ម្ខាង។ ១៤ កាល​ពួក​ផារិស៊ី​បាន​ចេញ​ទៅ​ក្រៅ គេ​ក៏​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​ឲ្យ​ទ្រង់​វិនាស ១៥ តែ​កាល​ព្រះយេស៊ូវ​បាន​ ជ្រាប នោះ​ទ្រង់​យាង​ថយ​ចេញ​ពី​ទី​នោះ មាន​ទាំង​មនុស្ស​កកកុញ​ដើរ​តាម​ទ្រង់​ទៅ ហើយ​ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ ១៦ ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​បណ្តា​មនុស្ស​ស្គាល់​ទ្រង់​ឡើយ ១៧ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា ១៨ «មើល អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ជា​អ្នក​ស្ងួនភ្ងា ដែល​ជា​ទី​ពេញ​ចិត្ត​អញ អញ​នឹង​ដាក់​វិញ្ញាណ​អញ ឲ្យ​សណ្ឋិត​នៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​យុត្តិធម៌ ដល់​សាសន៍​ដទៃ ១៩ ទ្រង់​នឹង​មិន​តតាំង​នឹង​គេ ឬ​ស្រែក​សំរែក​ឡើយ នឹង​គ្មាន​អ្នក​ណា​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​ផ្លូវ​ទេ ២០ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ឡើយ ទាល់​តែ​បាន​នាំ​សេចក្តី​យុត្តិធម៌​ឲ្យ​មាន​ជ័យជំនះ ២១ ហើយ​អស់​ទាំង​សាសន៍​ដទៃ នឹង​មាន​សេចក្តី​សង្ឃឹម ដោយ​នូវ​ឈ្មោះ​ទ្រង់»
ព្រះយេស៊ូវ​ឆ្លើយ​តប​នឹង​អ្នក​ចោទ​ប្រកាន់​ព្រះអង្គ
(ម៉ាកុស ៣.២០-៣០ លូកា ១១.១៤-២៣)
២២ នោះ​គេ​នាំ​មនុស្ស​ ម្នាក់​មាន​អារក្ស​ចូល ដែល​ខ្វាក់ ហើយ​គ មក​ឯ​ទ្រង់ ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា គឺ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​គ​នោះ បាន​ទាំង​និយាយ ហើយ​មើល​ឃើញ​ផង ២៣ ឯ​ហ្វូង​មនុស្ស គេ​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​និយាយ​គ្នា​ថា អ្នក​នេះ តើ​មិន​មែន​ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​នោះ​ទេ​ឬ​អី ២៤ តែ​កាល​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​នោះ គេ​ក៏​ឆ្លើយ​ឡើង​ថា មនុស្ស​នេះ​ដេញ​អារក្ស​បាន ដោយសារ​តែ​បេលសេប៊ូល ជា​មេ​អារក្ស​ទេ ២៥ ប៉ុន្តែ​ព្រះយេស៊ូវ​ ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះបន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​អស់​ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​នៅ​ស្ថិតស្ថេរ​ពុំ​បាន​ទេ ២៦ ដូច្នេះ បើ​អារក្ស​ដេញ​អារក្ស នោះ​មុខ​ជា​វា​បែក​ទាស់​គ្នា​វា​ហើយ យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​វា​ស្ថិតស្ថេរ​នៅ​បាន ២៧ មួយ​ទៀត បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អាង​បេលសេប៊ូល​ពិត នោះ​តើ​កូន​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយសារ​អ្វី​វិញ ដូច្នេះ វា​នឹង​ធ្វើ​ជា​ចៅក្រម​ជំនុំ​ជំរះ​អ្នក​រាល់​គ្នា​ហើយ ២៨ ប៉ុន្តែ​បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះ​វិញ នោះ​ឈ្មោះ​ថា នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ២៩ ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​ អ្នក​ណា​ចូល​ទៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​ខ្លាំង​ពូកែ នឹង​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​គេ​បាន វៀរ​តែ​ចង​អ្នក​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន នោះ​ទើប​នឹង​ប្លន់​ផ្ទះ​របស់​គេ​បាន ៣០ អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ជា​អ្នក​កំចាត់កំចាយ​វិញ ៣១ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​ទាំង​បាប ហើយ​ពាក្យ​ប្រមាថ នឹង​អត់​ទោស​ឲ្យ​មនុស្ស​លោក​បាន តែ​ឯ​ពាក្យ​ប្រមាថ​ដល់​ព្រះវិញ្ញាណ​វិញ នោះ​មិន​ដែល​បាន​អត់​ទោស ដល់​មនុស្ស​ឡើយ ៣២ អ្នក​ណា​ដែល​ពោល​ពាក្យ​ ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ដែល​ពោល​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​នឹង​អត់​ទោស​ឲ្យ​ពុំ​បាន​ឡើយ ទោះ​នៅ​នា​លោកីយ៍​នេះ ឬ​នៅ​បរលោក​នាយ​ក្តី។
ដើម​ឈើ​ល្អ ដើម​ឈើ​អាក្រក់
(លូកា ៦.៤៣-៤៥)
៣៣ ត្រូវ​តែ​រាប់​ថា ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ ឬ​ថា​ដើម​ឈើ​អាក្រក់ ហើយ​ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយសារ​ផ្លែ​វា ៣៤ ពូជ​ពស់វែក​អើយ ដែល​អ្នក​រាល់​គ្នា​អាក្រក់​ម៉្លេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្តី​ល្អ​បាន ពី​ព្រោះ​មាត់​តែង​និយាយ តាម​សេចក្តី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត ៣៥ ធម្មតា​មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្តី​ល្អ អំពី​កំណប់​ដ៏​ល្អ​ដែល​បាន​កប់​ទុក​ក្នុង​ចិត្ត ឯ​មនុស្ស​អាក្រក់​វិញ គេ​ក៏​បញ្ចេញ​សេចក្តី​អាក្រក់ អំពី​កំណប់​អាក្រក់​របស់​គេ​ដែរ ៣៦ ហើយ​ខ្ញុំ​ប្រាប់​អ្នក​ រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​លោក​នឹង​ត្រូវ​រៀប​រាប់​ប្រាប់ ពី​អស់​ទាំង​ហេតុ​នៃ​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ ៣៧ ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ទោស ក៏​ដោយសារ​តែ​ពាក្យ​សំដី​នោះ​ដែរ។
ទី​សំគាល់​របស់​លោក​យ៉ូណាស
(ម៉ាកុស ៨.១១-១២ លូកា ១១.២៩-៣២)
៣៨ គ្រា​នោះ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ខ្លះ គេ​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សំគាល់​ពី​លោក ៣៩ តែ​ទ្រង់​មាន​ ព្រះបន្ទូល​តប​ថា ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​របស់​ហោរា​យ៉ូណាស​ឡើយ ៤០ ដ្បិត​លោក​យ៉ូណាស​បាន​ នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​៣​ថ្ងៃ​៣​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣​ថ្ងៃ​៣​យប់​យ៉ាង​នោះ​ដែរ ៤១ ឯ​មនុស្ស​នៅ​ក្រុង​ នីនីវេ​នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដ្បិត​គេ​បាន​ប្រែ​ចិត្ត ដោយ​ឮ​សេចក្តី​ដែល​លោក​យ៉ូណាស​បាន​ប្រកាស​ប្រាប់ ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ ដែល​វិសេស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត ៤២ មហាក្សត្រី​នៅ​ស្រុក​ ខាង​ត្បូង នឹង​ឈរ​ឡើង​ជា​មួយ​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​និង​កាត់​ទោស​ឲ្យ​ផង ដោយ​ព្រះនាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​របស់​ហ្លួង​សាឡូម៉ូន ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​វិសេស​ជា​ហ្លួង​សាឡូម៉ូន​ទៅ​ទៀត។
ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​អារក្ស​ចូល​ម្តង​ទៀត
(លូកា ១១.២៤-២៦)
៤៣ កាល​ណា​អារក្សអសោច​បាន​ចេញ​ពី​មនុស្ស​ទៅ​ហើយ នោះ​វា​ដើរ​ចុះ​ឡើង នៅ​កន្លែង​ហួតហែង ដើម្បី​រក​ទី​ឈប់​សំរាក តែ​រក​មិន​បាន​សោះ ៤៤ នោះ​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ ដែល​ទើប​នឹង​ចេញ​មក​នោះ រួច​កាល​វា​មក​ដល់ ឃើញ​ផ្ទះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុបតែង​យ៉ាង​ល្អ ៤៥ នោះ​វា​ចេញ​ទៅ​នាំ​យក​ អារក្ស​៧​ទៀត ដែល​កាចៗ ជាង​វា មក​ជា​មួយ​ផង ក៏​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត ឯ​មនុស្ស​ដំណ​អាក្រក់​នេះ គេ​នឹង​បាន​ដូច្នោះ​ដែរ។
ព្រះញាតិវង្ស​ពិត​ប្រាកដ​របស់​ព្រះយេស៊ូវ
(ម៉ាកុស ៣.៣១-៣៥ លូកា ៨.១៩-២១)
៤៦ កាល​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល​នឹង​ហ្វូង​មនុស្ស​នៅ​ឡើយ នោះ​មាតា និង​ពួក​ប្អូន​លោក​ក៏​ឈរ​ពី​ខាង​ក្រៅ​រក​ទូល​នឹង​ទ្រង់ ៤៧ មាន​ម្នាក់​ទូល​ទ្រង់​ថា មើល​ន៏ ម្តាយ និង​ប្អូន​លោក ឈរ​នៅ​ខាង​ក្រៅ​ចង់​និយាយ​នឹង​លោក ៤៨ តែ​ទ្រង់​ឆ្លើយ​ទៅ​អ្នក​ដែល​ទូល​នឹង​ទ្រង់​ថា តើ​អ្នក​ណា​ជា​ម្តាយ ហើយ​ជា​ប្អូន​ខ្ញុំ ៤៩ រួច​ទ្រង់​លាត​ព្រះហស្ត ចង្អុល​ទៅ​ពួក​សិស្ស ដោយ​ព្រះបន្ទូល​ថា នុ៎ះ​ន៏ ម្តាយ ហើយ​និង​ប្អូន​ខ្ញុំ ៥០ ដ្បិត​អ្នក​ណា ដែល​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌ គឺ​អ្នក​នោះ​ហើយ ជា​ប្អូន​ប្រុស​ស្រី ហើយ​ជា​ម្តាយ​ខ្ញុំ​វិញ។




Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea