លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Cooperation ដែល​បាន​ចាប់​ដំណើរការ​​តាំង​​ពី​ឆ្នាំ​២០០៨​​មក​នោះ​បាន​លើក​ឡើង​ថា បើ​ប្រៀបធៀប​គ្នា​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ វិនិយោគិន​កម្ពុជា​យើង​នៅ​មាន​បទពិសោធន៍​ក្មេង​ខ្ចី​ជាង​គេ ដែល​នេះ​ជា​ក្ដី​ព្រួយ​បារម្ភ​មួយ​​ក្នុង​ការ​ប្រកួតប្រជែង​ដែល​ចៀស​មិន​ រួច។
ការ ​លើក​ឡើង​នេះ​គឺ​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​សមាហរណកម្ម​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ ឆ្នាំ​២០១៥​ខាង​មុខ​​​ក្រោម​ពាក្យ​ស្លោក “សហគមន៍​តែ​មួយ វាសនា​តែ​មួយ” ដែល​នឹង​បើក​ឱ្យ​​មាន​ការ​ប្រកួតប្រជែង​ទីផ្សារ​សេរី​កាន់​តែ​ទូលំទូលាយ​ ក្នុង​ចំណោម​ប្រទេស​ទាំង​១០​ក្នុង​តំបន់ ខណៈ​ក្រុម​​និយោជក​កំពុង​សម្លឹង​ពង្រឹង និង​ពង្រីក​ធុរកិច្ច ស្រប​ពេល​និយោជិត​ព្យាយាម​ពង្រឹង​សមត្ថភាព ចំណេះ​​ដឹង​ដើម្បី​តាម​ឱ្យ​ទាន់​ទីផ្សារ​ការងារ​ដែល​នឹង​​បើក​កាន់​តែ​ ទូលាយ។
វិនិយោគិន​វ័យ​ក្មេង ព្រម​ទាំង​អ្នក​មាន​គម្រោង​ធ្វើ​ធុរកិច្ច​ក្នុង​ឆ្នាំ​ខាង​មុខ​នៅ​កម្ពុជា​​ មួយ​ចំនួន​កំពុង​ចោទ​ជា​សំនួរ និង​ធ្វើ​ការ​​សិក្សា ស្រាវជ្រាវ ពី​​ផល​វិជ្ជមាន​ និង​អវិជ្ជមាន​នៃ​ការ​ធ្វើ​សមាហរណកម្ម​តំបន់​នេះ​ទៅ​លើ​គម្រោង​វិនិយោគ និង​ធុរកិច្ច​បច្ចុប្បន្ន​របស់​ខ្លួន។
នាយក​ប្រតិបត្តិ​វ័យ​ក្មេង​លោក ជី សិលា នេះ ​បាន​ឱ្យ​ដឹង​ថា “Sabay មក​ដល់​ពេល​នេះ​មាន​អាយុកាល​៥_៦​ឆ្នាំ​ហើយ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ជា​មួយ​ក្រុមហ៊ុន​ក្នុង​តំបន់​ដែល​គេ​ប្រកប​ធុរកិច្ច​ ដូច​គ្នា​លើ​ផ្នែក​អនឡាញ គឺ​គេ​មាន​ទ្រង់ទ្រាយ​ធំ និង​ចាស់​ទុំ​ជាង​ Sabay ច្រើន​​​​​​​”។ លោក​ថា បច្ច័យ​ទាំង​នេះ​បាន​​ក្រើន​រំលឹក​​លោក​ឱ្យ​ប្រកាន់​យក​គោលការណ៍​ ប្រាកដ​និយម​នៅ​ក្នុង​ការ​វិនិយោគ​របស់​លោក​គឺ​ត្រូវ​ធ្វើ​ឱ្យ​អស់​ពី​ កម្លាំង​កាយ​ចិត្ត លើ​រាល់​សេវាកម្ម​ដែល​លោក​ដាក់​ឱ្យ​ដំណើរការ​លើ​ទីផ្សារ​កម្ពុជា​ បច្ចុប្បន្ន។
លោក ជី សិលា ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​និង​ក្រៅ​ស្រុក​ចាត់​ទុក​ជា​សហគ្រិន​វ័យ​ ក្មេង​ដ៏​ជោគជ័យ​មួយ​រូប​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​លាត​ត្រដាង ​ពី​គោលជំហរ​ធុរកិច្ច​ខ្លះៗ​​ថា មិន​ថា​ផលិតផល​ ឬ​សេវាកម្ម​ទេ​ កាល​ណា​គេ​និយាយ​ពី​ទី​ផ្សារ​សេរី​គឺ​គេ​និយាយ​ពី​ការ​ប្រកួត​​ប្រជែង​ គុណភាព​និង​តម្លៃ ដូច្នេះ​ហើយ​គោលជំហរ​របស់​ក្រុមហ៊ុន​លោក​ទី​មួយ​គឺ​ ត្រូវ​ពង្រឹង​គុណភាព និង​សេវា​កម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ​​ឡើង​ដើម្បី​រក្សា​លំនឹង​ទី​ ផ្សារ​បច្ចុប្បន្ន និង​ត្រៀម​ប្រកួត​ប្រជែង​ទីផ្សារ​អនាគត។
លោក​ថា ឱកាស​មាន​ដូច​គ្នា​ ប៉ុន្តែ​បើ​យើង​សម្លឹង​ឱ្យ​វែង​ឆ្ងាយ​ទៅ​​ឃើញ​ថា ​វិនិយោគិន​នៅ​តាម​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​យើង​គេ​មាន​បទពិសោធន៍​ ចាស់ទុំ​ជាង ទ្រង់ទ្រាយ​ពាណិជ្ជកម្ម​មាន​ស្តង់ដារ​ និង​ទូលំទូលាយ​ជាង​យើង ដូច្នេះ​បើ​ប្រៀប​ធៀប​​ក្នុង​លក្ខខណ្ឌ​នៅ​​តែ​ក្នុង​ប្រទេស​យើង​វិញ​គឺ​ដូច​ ជា អ្នក​ដែល​រកស៊ី​នៅ​ក្រុង​ភ្នំពេញ​ច្រើន​ឆ្នាំ​មាន​ធុរកិច្ច​ធំៗ​ច្រើន ហើយ​គាត់​ចុះ​ទៅ​ស្រាវជ្រាវ​និង​បើក​អាជីវកម្ម​ប្រកួត​ប្រជែង​ជា​មួយ​ វិនិយោគិន​នៅ​តាម​បណ្ដា​ខេត្ត ក្នុង​លក្ខខណ្ឌ​នេះ​យើង​អាច​មើល​ឃើញ​ពី​ប្រៀប​ឈ្នះ​ជា​មុន​រួច​ទៅ​ហើយ។
ចំពោះ ​ការ​ប្រឈម​នេះ​លោក ជី សិលា បាន​លើក​ឡើង​ថា លោក​ខ្លួន​ឯង​ផ្ទាល់​ក៏​នៅ​ក្មេង​ខ្ចី​ដែល​កំពុង​ប្រវេប្រវា​ស្វែង​យល់​ពី​ ទី​ផ្សារ​អនាគត និង​លទ្ធភាព​នៃ​ការប្រកួតប្រជែង​ ប៉ុន្តែ​អ្វី​ដែល​លោក​ជឿជាក់​និង​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​ យក​ចិត្ត​ទុក​ដាក់​ឱ្យ​ច្បាស់លាស់​លើ​រាល់​សេវាកម្ម​របស់​ក្រុមហ៊ុន​លោក ពង្រឹង​គុណភាព រក្សា​ទំនាក់ទំនង និង​ផ្ដល់​ទំនុក​ចិត្ត​ដល់​អតិថិជន​របស់​ក្រុមហ៊ុន​លោក​នា​ពេល​បច្ចុប្បន្ន និង​ពិចារណា​លើ​សក្ដានុពល​​នៃ​ការ​ពង្រីង​​សេវាកម្ម​ឱ្យ​កាន់​តែ​ធំ​ទូលាយ។
លោក ជី សិលា ​ជា​សហ​ស្ថាបនិកCBM Corporation ដែល​ជា​សហគ្រាស​ដ៏​ធំ​បំផុត​មួយ​របស់​កម្ពុជា​លើ​ទី​ផ្សារ​អាហារ​ប្រកប​ដោយ​ ផាសុកភាព និង​សុវត្ថិភាព​ដែល​បាន​ផ្ដល់​ការងារ​រាប់ពាន់​កន្លែង ដល់​ពល​រដ្ឋ​ខ្មែរ។ សហគ្រាស​នេះ​ក្រោយ​ពី​បាន​ដំណើរការ​ដោយ​ជោគជ័យ​នូវ​សេវាកម្មFast Food BBworld ជាង​១០​ឆ្នាំ ថែម​ទាំង​បាន​នាំ​ចូល​ប្រភេទBaker Tous Les Jours ដ៏​ល្បីល្បាញ​មក​ជា​មួយ​ផង។ លោក​ក៏​ជា​ឧទាហរណ៍​ជាក់​ស្ដែង​នៃ​ធនធាន​មនុស្ស​ខ្មែរ​ក្នុង​យុគសម័យ Digital ដែល​បាន​បង្កើត​ឡើង​នូវ​ទីផ្សារ​ការងារ​លើ​មជ្ឈដ្ឋាន​ព័ត៌មាន និង​សេវាកម្ម​កម្សាន្តInternet​តាម​រយៈ​គេហទំព័រ​Sabay.com.kh​ ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​​ជា​ស្ថាបនិក​នៃ​កម្មវិធី ពានរង្វាន់ សិល្បករ ដ៏​ធំ​ដំបូង​បង្អស់​ក្នុង​ប្រទេស​កម្ពុជា “អាណាចក្រតារា” ព្រម​ទំាំង​រោង​ភាពយន្ត 3Dកម្រិត​លេខ​មួយ Plaitum Cineplex៕