អ្នកម្តាយជាច្រើនប្រាកដជាធ្លាប់សង្កេត និងមានការសង្ស័យ អំឡុងពេលដែលកូនតូចមានការផ្លាស់ប្តូរវឌ្ឍនាការ ពីការចេះអង្គុយ មកវារ រួចមកតោងឈរ និងចេះដើរ កូនតូចមានអាការរាករូស (រមាក) ញឹកញាប់។
ពាក់ព័ន្ធនឹងចំណុចនេះ វេជ្ជបណ្ឌិតជំនាញផ្នែកកុមារ បានឱ្យដឹងថា នៅអំឡុងពេលដែលកុមារមានការវិវឌ្ឍន៍ ក្នុងដំណាក់កាលផ្សេងៗនោះ អាចធ្វើឱ្យកូនតូចៗ មានការបន្ទោបង់លាមករាវជាងធម្មតា ដោយសារអំឡុងពេលផ្លាស់ប្តូរការលូតលាស់នេះ ក្មេងនឹងមានការធ្វើចលនារាងកាយ ច្រើនឡើង ជាហេតុនាំឱ្យឱកាសនៃការឆ្លងមេរោគ ធ្វើឱ្យរាករូស មានច្រើនឡើង។
ដូច្នេះ មាតាបិតា មិនគួរបារម្ភពេកទេ ប្រសិនបើកូនបន្ទោបង់រាវមិនខ្លាំងពេកទេ គ្រាន់តែគួរឱ្យកូនពិសាទឹកអូរ៉ាលីត ឬទឹកអំបិលរ៉ែ និងទឹកស្អាត ឱ្យបានច្រើន ដើម្បីការពារកង្វះជាតិទឹក។
ប៉ុន្តែ បើកូនតូចរាករូសរាវខ្លាំង រយៈពេលយូរថ្ងៃ អាចមានគ្រោះថ្នាក់បាន ដូច្នេះម្តាយគួរសង្កេតមើលឱ្យបានដិតដល់ ហើយបើរាករូសខ្លាំង គួរនាំកូនទៅ ជួបគ្រូពេទ្យផ្នែកកុមារភ្លាម៕