
កុមារីម្នាក់នេះកំពុងទូលអង្ករដែលជាអំណោយ
សម្រាប់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
គ្រោះធម្មជាតិនឹងធ្វើឲ្យតម្លៃស្បៀងឡើងថ្លៃបន្តទៀត។ រូបថត ម៉ៃ វីរៈ
ភាពច្រួលច្របល់មួយផ្សេងទៀត គឺពិភពលោកអាចនឹងធ្លាក់ចូលទៅក្នុងសម័យកាលថ្មី ដែលតម្លៃម្ហូបអាហារឡើងថ្លៃ នឹងក្លាយទៅជា «រឿងធម្មតា»។
ខណៈដែលអ្នកបង្កើតគោលនយោបាយភាគច្រើន កំពុងដោះស្រាយបញ្ហាសេដ្ឋកិច្ចដ៏ពិបាកៗជាច្រើន លទ្ធភាពនៃការដោះស្រាយបញ្ហាស្បៀងអាហារទំនងជាគេមិនស្វាគមន៍នោះ ទេ តែក៏មិនត្រូវព្រងើយកន្តើយដែរ។
ទោះបីជាភាពប្រែប្រួលនៃទីផ្សារទំនិញ មិនមែនជារឿងថ្មីក៏ដោយ ប៉ុន្តែវាជាសញ្ញាគួរឲ្យព្រួយបារម្ភ ដោយសារការឡើងចុះតម្លៃម្ហូបអាហារនាពេលបច្ចុប្បន្ន កំពុងកើតមានឡើង ហើយខ្ពស់ជាង កាលពីមុនទៅទៀត។ ទោះបីជាតម្លៃម្ហូបអាហារធ្លាក់ចុះក៏ដោយ ប៉ុន្តែវានៅតែខ្ពស់ដដែល បើផ្អែកតាមស្តង់ដារប្រវត្តិសាស្ត្រ ហើយបើវាឡើងខ្ពស់វិញ វានឹងគ្រប់គ្រាន់នឹងដាក់សម្ពាធមកលើថវិកាគ្រួសារ។
ចំពោះប្រជាជនក្រីក្រនៅអាស៊ី ការចំណាយក្នុងគ្រួសារលើម្ហូបអាហារមានដល់៦០ភាគរយ ទោះបីតម្លៃម្ហូបអាហារឡើងចុះតិចតួចក្តី ប៉ុន្តែពួកគេនៅតែបង្ខំចិត្តប្រើប្រាស់ធនធានដ៏តិចតួចរបស់ ខ្លួន ឲ្យបានប្រសើរផងដែរ។
ការចំណាយប្រាក់កាន់តែច្រើនលើម្ហូបអាហារ គឺមានន័យថា ចំណាយប្រាក់តិចតួចទៅលើការថែទាំសុខភាព ការអប់រំ ឬការចំណាយសំខាន់ៗផ្សេងទៀត ហើយក៏មានន័យដែរថា គ្រួសារដែលព្យាយាមគេចផុតពីភាពក្រីក្រ ទំនងជាមិនធ្វើដូច្នោះឡើយ ខណៈគ្រួសាររាប់លានទៀត កំពុងធ្លាក់ក្រោមខ្សែបន្ទាត់ភាពក្រីក្រ ដែលរកបានចំណូលតិចជាង១,២៥ដុល្លារក្នុងមួយថ្ងៃ។
ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថា កំណើនថ្លៃម្ហូបអាហារ ១០ភាគរយ នៅបណ្តាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី បានគំរាមកំហែងប្រជាជន៦៤លាននាក់ ឲ្យធ្លាក់ចុះក្នុងភាពក្រីក្រ។
ដោយសារតែអតិផរណាជាមធ្យម ១១ភាគរយ នៅប្រទេសអាស៊ីដែលមានសេដ្ឋកិច្ចកំពុងតែរីកចម្រើន កាលពីឆមាសទីមួយ ២០១១ បានធ្វើឲ្យចំនួនគ្រួសារកាន់តែច្រើនឡើងៗ ដែលប្រឈមនឹងភាពក្រីក្រធ្ងន់ធ្ងរ កំពុងជួបការភ័យខ្លាចជាខ្លាំង។
កំណើនថ្លៃម្ហូបអាហារយ៉ាងខ្ពស់នៅក្នុងតំបន់ បណ្តាលមកពីកង្វះផលិតកម្ម ដែលបង្កឡើងដោយអព្ភូតហេតុអាកាសធាតុ ដូចជា គ្រោះរាំងស្ងួត និងទឹកជំនន់ និងផលវិបាកចេញពីការហាមឃាត់ដោយប្រទេសផលិតស្បៀងអាហារមួយចំនួន ។
តម្រូវការគ្រាប់ធញ្ញជាតិ ប្រេង គ្រាប់ពូជ ស្ករ និងសត្វពាហនៈកាន់តែច្រើនឡើងៗ នៅបណ្តាប្រទេសកំពុងអភិវឌ្ឍ ដូចជា ចិន និងឥណ្ឌា កំពុងដាក់សម្ពាធកាន់តែខ្លាំងលើការផ្គត់ផ្គង់។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ការ «ផ្តល់ហិរញ្ញប្បទាន» លើទំនិញប្រើប្រាស់ មាននិន្នាការកើនឡើង ដោយការប្រែក្លាយម្ហូបអាហារឲ្យទៅជាធនធានដ៏សំខាន់ដែលអាចធ្វើ ពាណិជ្ជកម្មបាន ដូចជា ភាគហ៊ុន មូលបត្របំណុល រូបិយប័ណ្ណ ឬអចលនវត្ថុ។
ជាលទ្ធផល ការប្រែប្រួលធនធានដ៏សំខាន់មួយ ដូចជា តម្លៃអចលនវត្ថុនៅសហរដ្ឋអាមេរិក អាចធ្វើឲ្យតម្លៃម្ហូបអាហារនៅប្រទេសផ្សេងៗទៀតលើពិភពលោកឡើង ថ្លៃខ្ពស់ជាងអ្វីដែលអាចផ្គត់ផ្គង់បានពិតប្រាកដ និងអ្វីដែលជាតម្រូវការជាក់ស្តែង។
គោលនយោបាយរូបិយវត្ថុដ៏ងាយស្រួលនៅបណ្តាប្រទេសឧស្សាហកម្ម នាពេលបច្ចុប្បន្ន អាចជំរុញឲ្យមានការផ្តល់ហិរញ្ញប្បទានដល់ទំនិញប្រើប្រាស់។
បន្ទាប់មកទៀតគឺប្រាក់ដុល្លារអាមេរិក ការធ្លាក់ចុះដុល្លារអាមេរិកដែលជារូបិយប័ណ្ណនិយមប្រើភាគច្រើន ក្នុងការធ្វើពាណិជ្ជកម្ម ទំនិញប្រើប្រាស់ធ្វើឲ្យប្រេងឡើងថ្លៃស្ទើរតែគ្រប់ដំណាក់កាលនៃ ខ្សែចង្វាក់ផ្គត់ផ្គង់។ ក្នុងនោះដែរ ជី ចំណីសត្វ និងប្រេងឥន្ធនៈសម្រាប់ចម្អិនអាហារ ក៏ឡើងថ្លៃផងដែរ។ និយាយទៅត្រូវចំណាយខ្ពស់ក្នុងការ «នាំយកម្ហូបអាហារមកដាក់ក្នុងផ្ទះបាយ»។
ទាក់ទងនឹងភាព «ជាធម្មតា» នៃការឡើងថ្លៃម្ហូបអាហារ និងការប្រែប្រួលថ្លៃម្ហូបអាហារ តើអ្នកបង្កើតនយោបាយ ត្រូវធ្វើដូចម្តេចខ្លះ?
ការស្វែងរកដំណោះស្រាយ មិនមែនជារឿងងាយស្រួលឡើយ ប៉ុន្តែនៅពេលប្រឈមនឹងថ្លៃម្ហូបអាហារកើនឡើង រដ្ឋាភិបាល ត្រូវចាត់វិធានការ និងចេះបត់បែនតាមស្ថានការណ៍។
ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដូចជា ការដំឡើងអត្រាការប្រាក់ជាវិធីសាស្ត្រស្តង់ដារសម្រាប់ប្រយុទ្ធ ប្រឆាំងនឹងអតិផរណា និងបញ្ចុះកម្តៅសេដ្ឋកិច្ចមកវិញ។ ទោះជាយ៉ាងនេះក្តី វិធីសាស្ត្រនេះ មិនមានប្រសិទ្ធភាពឡើយ ប្រសិនបើមានសម្ពាធអតិផរណានៅខាងការផ្គត់ផ្គង់ ហើយវាកាន់តែគ្មានប្រសិទ្ធភាពទៅទៀត ប្រសិនបើតម្លៃទំនិញ មានការប្រែប្រួលខ្លាំង។
ការដំឡើងអត្រាការប្រាក់ ត្រូវការពេលរាប់ខែដើម្បីបង្ហាញពីលទ្ធផល ហើយការដំឡើងអត្រាកាន់តែខ្ពស់ អាចនឹងពង្រឹងការគ្រប់គ្រងសេដ្ឋកិច្ច ដល់អតិផរណាឈប់មានកំណើន ជាពិសេសសម្រាប់អាជីវកម្មធុនតូច និងមធ្យម។ ការកំណត់គោលដៅអតិផរណាជាគុណតម្លៃមួយ ដែលនៅតែបង្កឲ្យមានចម្ងល់ដដែល ប្រសិនបើសាធារណជន គិតថា វិធានការដែលបានចាត់ឡើង មិនគួរឲ្យជឿជាក់។ អតិថិជនត្រូវការដឹងនូវអ្វីដែលខ្លួនរំពឹងទុក។
ដោយសារអតិផរណាតម្លៃម្ហូបអាហារ ចេះតែកើនឡើង កម្មវិធីសង្គមដែលកំណត់គោលដៅលើសមាជិកងាយរងគ្រោះបំផុតពីផលប៉ះ ពាល់នៃតម្លៃម្ហូបអាហារកាន់តែឡើងថ្លៃ អាចនឹងយកមកប្រើសម្រាប់បែងចែកថវិកាទៅកាន់គោលដៅណាមួយ។ វិធានការនេះ ចំណាយអស់តិច បើធៀបទៅនឹងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។
អ្នកបង្កើតនយោបាយ អាចប្រើប្រាស់វិធីសាស្ត្រផ្សេងៗទៀត ដើម្បីបន្ទាបអតិផរណានេះ រាប់បញ្ចូលទាំងគោលនយោបាយផ្អែកលើការផ្គត់ផ្គង់ ដែលអាចកាត់បន្ថយឧបសគ្គក្នុងឧស្សាហកម្មផលិតទំនិញប្រើប្រាស់ ដោយលើកកម្ពស់លទ្ធភាពទៅកាន់ទីផ្សារ និងការបង្កើនផលិតភាព។
ការកាត់បន្ថយឧបសគ្គពាណិជ្ជកម្មរវាងប្រទេសមួយ និងប្រទេសមួយទៀត ពោលគឺការកាត់បន្ថយកង្វះម្ហូបអាហារក្នុងស្រុក តាមរយៈការនាំចូលពីប្រទេសផលិតលើស គួរតែបន្តអនុវត្តតទៅទៀត តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងវេទិកាផ្សេងទៀត។
សម្រាប់ទីផ្សារសកល ដែលបានបំប្លែងទំនិញប្រើប្រាស់ឲ្យទៅជាធនធានហិរញ្ញវត្ថុ តាមរយៈការធ្វើពាណិជ្ជកម្ម និងការកំណត់តម្លៃ គួរតែមានការគ្រប់គ្រង និងពិនិត្យតាមដានឲ្យបានដិតដល់ ដើម្បីចៀសវាងការប្រែប្រួល ឬតម្លៃឡើងខ្ពស់ខ្លាំង។
ទីផ្សារទាំងនេះ អាចប្រើជាវិធីសាស្ត្រគ្រប់គ្រងហានិភ័យយ៉ាងមានប្រសិទ្ធភាព។
ក្នុងប្រទេសធំៗ ការផ្គត់ផ្គង់ម្ហូបអាហារ អាចនឹងមិនមានជាបញ្ហាទេ ប៉ុន្តែនៅមានបញ្ហាធ្ងន់ធ្ងរជាងនេះទៀត នៅតំបន់មួយចំនួន នៅថ្នាក់ក្រោមជាតិ។
ឧទាហរណ៍ មធ្យោបាយចែកចាយកាន់តែប្រសើរ ដើម្បីធានាធ្វើឲ្យមានការផ្គត់ផ្គង់ទំនិញកាន់តែជឿទុកចិត្ត ទៅកាន់តំបន់ជនបទ និងឆ្ងាយដាច់ស្រយាលអាចដើរតួនាទីយ៉ាងសំខាន់។
ជារួម អ្វីដែលបញ្ជាក់យ៉ាងច្បាស់លាស់នោះ គឺថា វិធីសាស្ត្រសកលភាវូបនីយកម្ម ត្រូវមានជាចាំបាច់ដើម្បីដោះស្រាយអតិផរណាតម្លៃម្ហូបអាហារឲ្យមាន ប្រសិទ្ធភាព។
ជាធម្មតា ប្រទេសភាគច្រើន ដោះស្រាយតម្រូវការរបស់ខ្លួន ដោយសារពួកគេមើលឃើញថា វាល្អប្រសើរបំផុត ប៉ុន្តែវាក៏ត្រូវផ្អែកលើតម្រូវការនៃកំណើនសេដ្ឋកិច្ចដ៏ឆាប់ រហ័ស និងការអភិវឌ្ឍឆ្លងដែនកាន់តែកើនឡើងផងដែរ។ នៅថ្នាក់ជាតិ អ្នកបង្កើតគោលនយោបាយ នឹងត្រូវពិចារណាជាសកល និងសម្របសម្រួលនៅថ្នាក់តំបន់៕CS
Iwan J. Azis ប្រធានការិយាល័យសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី