កាលសម័យបុរាណ ខ្មែរអ្នកចេះធ្វើម្ហូបក្ដី ចេះសិល្បអាគមក្ដី
ចេះចាំទំនៀមផ្សេងៗក្ដី ចេះស្ទាត់ខាងការត្បាញ រវៃក្ដី ចេះសង់ផ្ទះ
ចេះធ្វើរទេះគោ
ឬធ្វើរបស់ឯទៀតៗ ក្តី
បង្រៀនតែត្រឹមកូនចៅខ្លួនប៉ុណ្ណោះ បើកូនចៅនោះ យកចិត្តទុកដាក់ក៏ចេះចាំ
ធ្វើដំណាងឪពុកម្ដាយទៅ បើកូនមិនរវល់ទេ អំណើះពីឪពុកម្ដាយទៅ គ្មានអ្នកណា
នឹងអាចចេះផង ម៉្លោះហើយបានជាខ្មែរច្រើនតែល្ងង់
ដោយមិនបានគិតកត់ត្រាទុកជាក្បួន ថែមទាំងចង់លាក់ ចំណេះផង
ប៉ុន្តែជាយូរឆ្នាំក្រែលមកហើយ ខ្មែរបានលះចោលគំនិតនេះ ហើយអ្នកចេះដឹង
គេចូលចិត្តចែកចំណេះទៅអ្នកឯទៀតឲ្យបានច្រើនគ្នា
ខ្លះទៀតក៏ខំកត់ត្រាទុកដើម្បីកុំឲ្យកប់ទៅជាមួយនឹងមរណភាពបាន ។ យើងតែងដឹងថា
សម្លៀកបំពាក់ជាគ្រឿងសំគាល់ជាតិ បុគ្គលនិមួយ
ៗតែងមានចិត្តរីករាយចំពោះការស្លៀកពាក់ នូវសម្លៀកបំពាក់របស់ជាតិខ្លួន
ជាជាងខ្ចីរបៀបជាតិដទៃមកស្លៀកពាក់ជាដរាប ។ បើដូច្នេះ
គួរតែយើងខំតុបតែងសម្លៀកបំពាក់យើងឲ្យផលប្រសើរល្អ
ហើយដើម្បីមិនឲ្យសាបសូន្យប្រពៃណីខ្មែរសុទ្ធៗ ផង ។ អស់លោក
អ្នកទាំងឡាយជ្រាបស្រាប់ហើយ
ថាបណ្ដារាស្ដ្រខ្មែរសព្វថ្ងៃកំពុងតែវែករកផ្លូវចេញពីព្រៃស្បាត
គឺសេចក្ដីអាប់ឱនទៅរកសេចក្ដីចំរើន ទាំងសម្លៀកបំពាក់សោត
ក៏ចេះតែផ្លាស់ប្ដូររូបរាងទៅតាមកាលសម័យដែរ ។
ការដែលយើងនាំមកពណ៌នាដូចមានតទៅខាងមុខ មិនមែនយើងចង់ឲ្យអស់លោក អ្នកអាន
អ្នកស្ដាប់វិលត្រឡប់ថយក្រោយទេ
គឺគ្រាន់តែឲ្យស្គាល់ឲ្យជ្រាបឲ្យដឹងសាវតាររបស់របស់ខ្លួនយ៉ាងណា ខ្លះ
ទាំងនានាជាតិក៏និយមរិះរកគោលចារឹក
ដើមកំណើតទំនៀមទម្លាប់របស់គេឲ្យស្គាល់តាមពីតយ៉ាងនេះដែរ ។
តាមសេចក្ដីកត់ហេតុរបស់អ្នកដំណើរជាតិចិនឈ្មោះ ជាវ -តា- គួន
នឹងសេចក្ដីឲ្យការរបស់សមាជិកប្រចាំខែត្រខ្លះ មានទំនងស្របគ្នាជាច្រើន ។
ក្នុងចំណោមនេះ អ្នកអង្គម្ចាស់ នរោត្តម- សុខានារី បានឲ្យការប្លែក ។
ហេតុនេះយើងសូមស្រង់សេចក្ដីនោះយកមកពណ៌នបាជូនអស់លោកអ្នកអាន
ស្ដាប់ដូចមានតទៅនេះ អំពីសម្លៀកបំពាក់ខ្មែរសម័យបុរាណ (តាមដែលអ្នកអង្គម្ចាស់
នរោត្តម- សុខានារី ឲ្យការមក) យើងសព្វថ្ងៃមិនអាចដឹងបានដោយសព្វគ្រប់
អំពីសំលៀកបំពាក់របស់បុព្វបុរសយើងទេ ដោយទំនៀមនេះ
កន្លងជាយូរអង្វែងណាស់ទៅហើយផង ដោយយើងពុំមានឯកសារ ឬសៀវភៅឯណាកត់ត្រាទុក
ថាក្នុងសម័យនេះគេស្លៀកពាក់បែបនេះ សម័យនោះគេស្លៀកពាក់បែបនោះផង
តែដោយការសង្កេតមើលតាមរូបចម្លាក់ ដែលមានសេសសល់អំពីប្រាសាទបុរាណបាក់បែកមក
យើងក៏អាចយល់បានថា ក្នុងសម័យនោះបុព្វបុរសយើងស្លៀកសំពត់ចងក្បិន អាវកមូល
ដៃធ្លាក់មកត្រឹមកំភួនដៃ ឬអាវកមូលតូចដៃវែងស្ដួចឱបជាប់នឹងសាច់
ធ្លាក់មកត្រឹមចង្កេះ ចំណែកស្រ្តីវិញឃើញស្លៀកសំពត់សំឡុយពានាស្បៃ
ឬស្លៀកសំឡុយខ្លួនទទេមួយកំណាត់ក៏មាន ។ ចំណែកឯល្ខោនព្រះរាជទ្រព្យ
របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
ដែលរក្សារបៀបស្លៀកពាក់របស់ខ្មែរអំពីបុរាណ ឥតមានប្រែប្រួលនោះយើងឃើញថា
បុរសស្លៀកខោពីក្នុង ជើងតូចធ្លាក់ដល់ត្រឹមកំភួនជើង
ហើយមានស្លៀកសំពត់ចងក្បិនពីលើខោថែមទៀត
ព្រមទាំងមានចងផ្ទាំងក្រណាត់តូចវែងនៅពីខាងមុខ នឹងនៅសង្ខាងចង្កេះផង
នេះចំណែកបុរស ឯចំណែកស្រ្តីឃើញស្លៀកសំពត់សំឡុយ ពាក់ស្បៃ
ឬពានាផួយប៉ាក់ឌិនមាសប្រាក់ ។ យើងក៏បានឃើញខ្លះដែរ
កាលពីដើមប្រុសខ្មែរដែលប្រកាន់ទំនៀមបុរាណ
ស្លៀកសំពត់ចងក្បិនជាមួយនឹងអាវកុតកត្រង់ ឬអាវឡេវកាឌុំ ដែលហៅថាអាវចិន
ឬជាមួយនឹងអាវកមូលដសខ្លីធ្លាក់ស្មើកែងដៃ ឬជាមួយនឹងអាវកសន្ទះ ដៃ
ធ្លាក់ត្រឹមកដៃ ចួនកាលក៏ស្លៀកខោដែរ ដែលយើងហៅថាខោចិន ។ ឯស្រ្តីខ្មែរវិញ
ឃើញស្លៀកសំពត់សំឡុយ សំពត់ចងក្បិន ពាក់អាវមានស្មាតែខាងឆ្វេង ហើយពានាក្រមាវែង
ដែលហៅតាមភាសាសៀមថាផាហ៊ុំ លើស្មាទាំងសងខាងសំយុងជាយទៅខាងមុខ
ឬពាក់អាវបំពង់វែង កមូលដៃ តូច ធ្លាក់ដល់កដៃ ខ្លួនតូចចង្អៀតក្លំ
ធ្លាក់ដល់ត្រឹមកំភួនជើង បង់កក្រមា អាវម៉ាឡាយូ បង់កក្រមា អាវសន្ទះ បង់កក្រមា
នឹងអាវហាតាខិប ក្រវាត់ក្រមាឈៀងមួយចំហៀងខ្លួន ។ សំពង់ចងក្បិន
កាលអំពីសម័យព្រេងនាយ មានតែបុរសទេ ដែលស្លៀកសំពត់ចងក្បិន ស្រ្តីមិនឃើញស្លៀកទេ
។ ឯសំពត់ចងក្បិនដែលគេស្លៀកសម័យបុរាណក៏មិនដូចយើងសម័យបច្ចុប្បន្ន ទេ
បើតាមរូបចម្លាក់នៅជញ្ជាំងប្រាសាទបុរាណ គេឃើញស្លៀកខើចៗ នៅពាក់កណ្ដាលភ្លៅ
សូម្បីពួកល្ខោនព្រះរាជទ្រព្យ
ដែលជាសិល្បៈរក្សាទុកនូវទំនៀមទម្លាប់សម្លៀកបំពាក់បុរាណមួយបែប
ក៏ឃើញស្លៀកសំពត់ចងក្បិនខើចៗ នៅលើក្បាលជង្គង់ដែរ ។ ឯទំហុំសំពត់
សម័យបុរាណប្រហែលប៉ុនគ្នានឹងទំហំសំពត់សម័យបច្ចុប្បន្នដែរមើលទៅ គឺទទឹង ១
ម៉ែត្រ បណ្ដោយ ៣ ម៉ែត្រ ២០ ។ របៀបស្លៀកនោះឃើញថាខុសគ្នាច្រើន
អំពីបុរាណគេកង្កាញ់ជីបជាយសំពត់ទាំងសងខាងឲ្យនៅតែប្រវែងមួយជុំ ចង្កេះ
រួចហើយគេស្លៀកដាក់ជាយសំពត់នោះត្រួតលើគ្នា
ចងជាថ្នក់ហើយគេក្រវាត់ខ្សែក្រវាត់ដើម្បីមិនឲ្យរបូត ។
ឯជាយសំពត់ដែលជីបសងខាងគេភ្ជាប់ដាក់តម្រួតលើគ្នា
ហើយគេយកចុងជាយខាងក្រោមស៊កតាមប្រឡោះជើងទាំងសងខាង យកមកចុកនៅចង្កេះខាងក្រោយ
ចំណែកសំពត់ចងក្បិនដែលយើងស្លៀកក្នុងបច្ចុប្បន្ននេះក៏មានទំហុំ ប្រហែលគ្នាដែរ
តែរបៀបស្លៀកខុសគ្នា គឺគេយកសំពត់មកស្លៀកទុកចោលជាយទាំងសងខាង នៅវែងអន្លាយអូសដី
ហើយមានប្រវែងស្មើមុខស្មើក្រោយ
ទោះខុសគ្នាក៏ខុសបន្តិចបន្តួចចំនួនត្រឹមមួយទះប៉ុណ្ណោះ
រួចគេផ្គួបជាយទាំងសងខាងរួមគ្នា ហើយគេមូរ រួចហើយគេស៊កតាមប្រឡោះជើងទាំងសងខាង
យកចុងទៅចុកនៅចង្កេះខាងក្រោយ
ឯសំរុងសំពត់ដែលស្លៀកហើយឲ្យធ្លាក់ចុះនៅត្រឹមស្មងជើង ៕
Post a Comment