យុវជន​ម្នាក់​ត្រូវ​បាន​យុវតី​ស្រស់​សោភា​សុំបែក​ បន្ទាប់​ពី​ស្គាល់​គ្នាបាន​៦ខែ។ ​ម៉េច​បាន​ជា​អ្នក​ទាំង​ពីរ​ឆាប់បែក​​គ្នា​ម្ល៉េះ?
យុវជន ​ដែល​មាន​វ័យ​២៣​ឆ្នាំ​ ឈ្មោះណាន់ ជាបុគ្គលិក​នៅ​ក្រុម​ហ៊ុន​មួយ​​ក្នុង​រាជធានី​ភ្នំពេញ​បាន​រៀបរាប់​ប្រាប់​ Sabay ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា “ខ្ញុំ​ស្គាល់​នាង​៦ខែ និង​​បាន​ដើរ​លេង​​ជា​មួយ​គ្នា​ជា​ច្រើន​​កន្លែង​ ប៉ុន្ដែ​ឥឡូវ​នាង​​សុំបែក​។ ណាន់​ បាន​ចោទ​ជា​សំណួរ​ថា​ ៖”តើខ្ញុំ​ត្រូវ​ធ្វើ​ម៉េច​ទៅ​បើ​នាង​ចង់​បែក​ ខណៈ​ខ្ញុំ​កំពុង​ស្រលាញ់​នាង​នៅ​ឡើយ?”។​
ប្រវត្តិ ​ស្នេហា​អ្នក​ទាំង​ពីរ​ គឺ​ស្គាល់​គ្នា​តាមរយៈ​បណ្ដាញ​សង្គម​Facebook។​ ណាន់​ បាន​ឆាត​ស្ទើរ​​​​​រៀង​រាល់​ថ្ងៃ​​ជាមួយ​គ្នា​​។ នៅ​ទីបំផុត​​ ​អ្នក​ទាំង​ពីរ​​បាន​ជួប​មុខ​គ្នា និង​បាន​ដើរ​លេង​តាម​រមណីយដ្ឋាន​ និង​ទៅ​កន្លែង​ផ្សេង​ៗ​ ជាច្រើន​កន្លែង​ក្នុង​អំឡុង​ពេល​ស្គាល់​គ្នា​ ប៉ុន្តែ​នៅ​មិនទាន់​បាន​ឈាន​ដល់​ដំណាក់​កាល​បាន​ខ្លួន​បាន​ប្រាណ​គ្នា​ នោះទេ។​
អនុស្សាវរីយ៍ ​ដែល​ស្ទើរ​តែ​មិន​អាច​បំភ្លេច​ ណាន់​បាន​និយាយ​បណ្ដើរ​ ដោយ​ដៃ​កាន់​រូបថត​​រវាង​ណាន់​និង​សង្សារ​ ដែល​បាន​ថត​នៅ​ឆ្នេរ​សមុទ្រ​​ អូរ​ឈើទាល​ ខេត្ត​ព្រះសីហនុ​ ​ហើយ​បាន​និយាយ​ថា “ខ្ញុំស្គាល់​នាង​​ពេល​ខ្លី​ តែខ្ញុំ​ហាក់​មាន​អនុស្សាវរីយ៍​ជាច្រើន​ ដូចជា​ បាន​​ដើរ​លេង​នៅ​ខេត្ត​ព្រះសីហនុ​ ពពែភ្នំ និង​រមណីយដ្ឋាន​គិរីរម្យ​ជាដើម”។
តាំង​ពីដើម​រៀង​មក​​ ​សង្សារ​របស់​ណាន់​មិនដែល​បាន​និយាយ​ពី​ប្រវត្តិ​ធ្លាប់​មាន​សង្សារ​ ​ហើយ​ណាន់​ក៏​មិន​ដែល​បាន​សួរ​នាង​ដែរ​។ ​
ប៉ុន្ដែ ​នៅ​ថ្ងៃ​មួយ​នាង​បាន​ណាត់​​​ណាន់​ជួប​ ហើយ​នាង​បាន​និយាយ​ដោយ​ពាក្យ​លួងលោម​ផង និង​បាន​សម្ដែង​ការ​សោកស្ដាយ​ផង​ ហើយ​បាន​និយាយ​ដោយ​ខ្លី​​ថា៖ “យើង​បែក​គ្នាទៅ​ ព្រោះសង្សារ​ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ហើយ​បាន​ត្រឡប់​មក​ស្រុកខ្មែរ​វិញ​ហើយ”។
ពាក្យ ​​ពេចន៍​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ណាន់​ស្រឡាំងកាំង​ ប៉ុន្ដែ​ណាន់​បាន​សួរ​នាង​ថា ៖”ហេតុ​អ្វី​ពី​មុន​មក​អូន​មិន​ប្រាប់​បង​ថា មាន​សង្សារ​ហើយ​​អីចឹង? ទោះ​បី​ជា​សំណួរ​នេះ​បាន​ចោទ​សួរ​ទៅ​នាង​ក្ដី​ ប៉ុន្ដែ​នាង​មិន​បាន​ឆ្លើយ​នោះទេ​ ផ្ទុយ​ទៅ​វិញ​នាង​បាន​និយាយ​ដោយ​ខ្លី​ថា “រឿង​នេះ​យើង​ចប់​គ្នា​ទៅ​ ហើយ​យើង​រាប់​គ្នា​ទុក​ជា​មិត្ត​ធម្មតា​បាន​ បើ​និយាយ​ច្រើន​ទៀត​សូម្បីតែ​មិត្ត​ក៏​យើង​មិន​ចាំបាច់​រាប់​គ្នា​ដែរ​”។
ទាំង ​នេះ​ជាការ​រៀប​រាប់​របស់​ណាន់​ មក​កាន់​ Sabay។ នៅទីបំផុត​ណាន់​បាន​ឆ្លើយ​ទៅ​​វិញ​ថា “ណ្ហើយ​បើ​អីចឹង​ចប់​ក៏ចប់​ចុះ​”។ ការ​ឆ្លើយ​តប​របស់​ណាន់​បែប​នេះ​គឺ​ផុស​ចេញ​ទាំង​មិន​សប្បាយ​ចិត្ត​ ព្រោះ​ណាន់​បាន​និយាយ​ថា​“ខ្ញុំ​ស្រលាញ់​នាង​ចង់​​បាន​ជា​គូ​​អនាគត​មិន​មែន ​ត្រឹម​លេង​សើច​នោះទេ​”។ ​
អ្វីដែល​ ធ្វើ​ឲ្យ​ណាន់​មិន​អស់​ចិត្ត​​មួយ​ទៀត​នោះ គឺ​ណាន់​នៅ​មាន​មន្ទិល​សង្ស័យ​ថា តើ​នាង​បែក​ដោយ​សារ​តែ​នាង​មាន​សង្សារ​ ឬ​មួយ​មក​ពី​មូលហេតុ​អ្វី​ផ្សេង​ៗ។ ទោះបីជា​បែប​នេះ​ក្ដី​ណាន់​បាន​អំពាវនាវ​ឲ្យ​យុវវ័យ​ដែល​មាន​ទំនាក់ទំនង​ ស្នេហា​ ជាពិសេស​អ្នក​ដែល​ស្គាល់​គ្នា និង​ស្រលាញ់​គ្នា​តាម​រយៈ​បណ្ដាញ​សង្គម​​Facebook ត្រូវ​សិក្សា​ពី​ប្រវត្តិ​​បុគ្គល​ម្នាក់​ៗ​ឲ្យ​បាន​ច្បាស់​ មុន​នឹង​ចាប់​ផ្ដើម​​មាន​ទំនាក់​ទំនង​ស្នេហា​ ចៀស​វាង​បង្កើត​ស្នេហាហើយ បង្កើត​ការ​ឈឺចាប់​។
​ណាន់​បាន​ស្នើ​ សុំ​​ Sabay ​កុំ​បញ្ចេញ​ឈ្មោះ ឬ​អត្តសញ្ញាណ​ ​របស់​សង្សារ​ខ្លួន​ ព្រោះ​មិន​ចង់​ឲ្យ​នាង​​​ខឹង​សម្បារ​ ឬ​ប៉ះពាល់​ដល់​កិត្តិនាម​របស់​នាង​។ ដូច្នេះ​ហើយ​ Sabay ​មិន​បាន​បញ្ចេញ​ឈ្មោះ​ ឬ​អត្តសញ្ញាណ​សង្សារ​របស់​ណាន់​នោះទេ។ ប៉ុន្តែ​ណាន់​គ្រាន់​តែ​បាន​និយាយ​ថា ប្រសិន​បើ​នាង​បាន​ឃើញ​​​​ រឿង​រ៉ាវ​ស្នេហា​នេះ​ តាម​គេហទំព័រ​​ Sabay ​នាង​នឹង​បាន​ដឹង​ថា “ទោះ​នាង​សុំ​បែក​ ក៏​ខ្ញុំ​មិន​ខឹង​នាង​ ហើយ​ក៏​នៅតែ​ស្រលាញ់​នាង​ដដែល”៕​
ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​វិបត្តិ​ស្នេហា​​ស្រដៀង​នេះ​ ឬ​ស្នេហា​ជោគជ័យ ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ពិសោធន៍ ឬ​ជួយ​​ជា​យោបល់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​​ជីវិត សូម​ផ្ញើ​អត្ថបទ​រឿង​របស់​​​​​​​​​​​​​​​​​អ្នក​មក​កាន់​ Sabay តាម​រយៈ​may.soklim@cidc.com.kh ។ ឬ​អ្នក​​អាច​ទូរស័ព្ទ​មក​យើង ០១៦ ៧៩២ ១៥១ ប្រសិន​បើ​អ្នក​ពិបាក​ក្នុង​ការ​សរសេរ​រៀប​រាប់​​រឿង​របស់​​ខ្លួន។ Sabay នឹង​សរសេរ​​​ចុះ​​ផ្សាយ​​ជូន។