ភ្នំពេញៈ កម្មវិធី ប្រកួតបាល់ទាត់ យុវជន Tiger
Street Football 2013 វគ្គដំបូង ដែលមានរយៈពេល ២ថ្ងៃ នៅទីក្រុងកោះពេជ្រ
នាថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ បានទទួល ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់
យុវជនកម្ពុជា ដោយមានក្រុម កីឡាករបាល់ទាត់ ចំនួន៦៤ក្រុម ចូលប្រកួតជម្រុះ
និង មានអ្នកគាំទ្រ យ៉ាងច្រើនកុះករ ។
Tiger Street Football គឺជាការប្រកួតបាល់ទាត់ ដ៏ពិសេស
លើកដំបូង នៅកម្ពុជា ដែលរៀបចំដោយ ក្រុមហ៊ុន ស្រាបៀរ Tiger ក្នុងនោះ
ក្រុមនីមួយៗ ត្រូវមានកីឡាករ មិនលើសពី៥នាក់ ហើយការប្រកួត មានរយៈពេល ១៤នាទី
ចែកជា២តង់ ដែលក្នុងមួយ តង់មាន៦នាទី ហើយសម្រាក២នាទី ។
លោក Artem Zyabkin នាយកផ្នែកពាណិជ្ជកម្ម
នៃក្រុមហ៊ុនស្រាបៀរ Tiger ដែលជាអ្នក រៀបចំ កម្មវិធីនេះ បានឱ្យដឹងថា
ការប្រកួត Tiger Street Football នឹងត្រូវជម្រុះ ជាបន្តបន្តាប់ យកតែ
២០ក្រុម ប៉ុណ្ណោះ ដើម្បីទៅចូលរួម ប្រកួត វគ្គផ្តាច់ព្រ័ត្រ
នៅរាជធានីភ្នំពេញ ១៥-១៦ ខែមីនា ឆ្នាំ២០១៣ ។ ក្រៅពីការប្រកួតវគ្គដំបូង
នៅភ្នំពេញនេះ ការប្រកួតជម្រុះនៃ Tiger Street Football នឹងត្រូវធ្វើ
ឡើងបន្តបន្ទាប់ នៅមណ្ឌល ២ទៀត គឺនៅខេត្តសៀមរៀប នាថ្ងៃទី១-២ ខែមីនា នៅទីលាន
ក្រោយសារមន្ទីរជាតិអង្គរ និងនៅក្រុង ព្រះសីហនុ ថ្ងៃទី ៨-៩ ខែមីនា រហូតឈានទៅ
ប្រកួតវគ្គ ផ្តាច់ព្រ័ត្រ ដែលមានក្រុមកីឡាករ អន្តរជាតិចម្រុះចូលរួម
ហើយចុងបញ្ចប់ ក្រុមជ័យលាភីលេខ១ នឹងទទួលបាន ប្រាក់ ៥.០០០ដុល្លារ ក្រុមលេខ២
នឹងទទួលបាន ទឹកប្រាក់ ២.៥០០ដុល្លារ ហើយក្រុមលេខ៣ នឹងទទួលបាន ១.០០០ដុល្លារ ។
ម៉ៃ តុលា នាយកបច្ចេកទេស នៃសហព័ន្ធបាល់ទាត់កម្ពុជា
បានសម្តែងការសាទយ៉ាងខ្លាំង ចំពោះ កម្មវិធី Tiger Street Football
ដែលរៀបចំដោយ ក្រុមហ៊ុនTigerនេះ ។ លោកថា នេះជាកម្មវិធី ដ៏ល្អថ្មីមួយ
នៅក្នុងប្រទេសកម្ពុជា ដែលមិនត្រឹមតែទាក់ទាញ ចំណាប់អារម្មណ៍ យុវជនខ្មែរ និង
ភ្ញៀវទេសចរ ប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹង វិស័យកីឡា នៅកម្ពុជា ឱ្យកាន់តែ
វិសេសវិសាល ថែម ទៀត ៕


